រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារទី៦ របស់រដ្ឋបាលខេត្ត ចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហានៅសេសសល់៥ទីតាំង នៃការសាងសង់ផ្លូវគម្រោង ៣៨ខ្សែ ក្នុងក្រុងសៀមរាប

  • 835
  • ដោយ vannak

កាលពីរសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ជាប្រធានក្រុមការងារទី៦ និងសមាជិកក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពគម្រោង នៃការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ដែលក្តុមទី៦ ទទួលបន្ទុកមានចំនួន ៩ខ្សែ។

ជាមួយនឹងការចុះពិនិត្យគម្រោងសាងសង់នេះដែរ ក្រុមការងារក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ នូវបញ្ហាមួយចំនួន ដូចខាងក្រោម៖
១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ និងតាមដាន វាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរំលឹកឲ្យអង្គភាពសាងសង់ទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាព នៃការសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកង្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង ក្នុងការកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។
២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលឲ្យពលរដ្ឋ ដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយ ដែលចាំបាច់ត្រូវសម្របសម្រួលជាមួយអង្គភាពលូ ដើម្បីផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។
៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមស្តង់ដាបច្ចេកទេសតាមអាយុកាលមានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឲ្យបានទាន់ពេលវេលា។
៤-បញ្ហាប្រឈមនៅសេសសល់មានចំនួន៥ទីតាំង ក្នុងនោះ ៤ទីតាំងបានដោះស្រាយរួចរាល់ និង១ទីតាំងត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។

ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនេះ អនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ៕

អត្ថបទទាក់ទង