
នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំពិភាក្សាជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Emerging360 (USA) And Solimar International (USA) As Sub-Consultant ដើម្បីពិគ្រោះយោបល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការរៀបចំផែនការវិនិយោគ និងទស្សនៈ នៃការរៀបចំគោលដៅទេសចរណ៍ (Tourism Destination Vision and Investment Plan) សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដេីម្បីជ្រើសរើសគោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ នៃខេត្តចំនួន ០៣ គឺខេត្តសៀមរាប កំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រកបដោយភាពរលូន ប្រសិទ្ធភាព បរិយាបន្ន និងគ្រប់ជ្រុងជ្រោយ ដោយមានការអញ្ជើញចូលរួមពីលោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោក ប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត និងតំណាងក្រុមហ៊ុនប្រឹក្សាយោបល់ Emerging360 (USA) And Solimar International (USA) As Sub-Consultant។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីពិគ្រោះយោបល់ ប្រមូលព័ត៌មាន និងស្វែងរកធាតុចូលផ្សេងៗ ក្នុងការចុះសិក្សាស្រាវជ្រាវតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍ធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាប។នាឱកាសនេះដែរ លោក អភិបាលរងខេត្ត បានមានមតិគាំទ្រចំពោះគម្រោងចុះសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន និងបានចង្អុលបង្ហាញទីតាំងដែលប្រកបដោយសក្តានុពលអេកូទេសចរណ៍ធម្មជាតិក្នុងខេត្ត គឺតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលជាទីតាំងអេកូទេសចរណ៍ដ៏សម្បូរបែបប្រកបដោយទេសភាពធម្មជាតិ និងជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ខេត្តសៀមរាប និងតំបន់បឹងទន្លេសាប ដែលសម្បូរទៅដោយធនធានមច្ឆាជាតិ ព្រមទាំងជីវចម្រុះគ្រប់ប្រភេទ៕