
តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី ស្ថិតក្នុងកាលៈទេសៈណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចតែងតែគិតពីផលលំបាករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី ពិសេសក្នុងពេលជួបនូវវិបត្តិកូវីដ-១៩ ព្រមទាំងការកកស្ទះនូវផលកសិកម្មរបស់ប្រជាកសិករក្នុងការនាំចេញ សម្តេចបានប្រមូលទិញមៀន និងតាង៉ែន ពីប្រជាកសិករដែលដាំបាននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្រាលបន្ទុកការលំបាក របស់បងប្អូនប្រជាកសិករយើងក្នុងបរិបទដែលទទួលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាល នៃមេរោគ កូវីដ-១៩ ជាសកល និងយកទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ និង បងប្អូន ដែលមានជំងឺ ព្រមទាំងបងប្អូនមន្ត្រីរាជការបានពិសារផងដែរ ។
ក្នុងនាមតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងមន្ត្រីរាជការខេត្តសៀមរាប លោក នាក់ ណេរ៉ុន បាន ធ្វើការថ្លែអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ផលលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ។ ជាក់ស្តែងថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែន ចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនដល់បណ្តាក្រុង ស្រុក និងមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ ។
លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរចំពោះផលិតផលកសិកម្មដែលប្រជាកសិករផលិតបាន និងជាវិធីដោះស្រាយជួយទៅដល់កសិករក្រីក្រក្នុងកាលៈទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោក អភិបាលរងខេត្ត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងបារមី នៅលើទឹកដីអង្គរ តាមថែរក្សាជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ឋ ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេរ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខុមាលភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា អំណោយផ្លែមៀន និងផ្លែតាង៉ែននេះ នឹងធ្វើការបែងចែងជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១២ និង មន្ត្រីរាជការ ក្រុមការងារជួរមុខ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្តសៀមរាបផងដែរ ៕