
ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា នៅខេត្តសៀមរាប មានប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង៦៨ម៉ឺននាក់ ប៉ុន្តែគិតត្រឹមថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះ លទ្ធផល សម្រេចបានចំនួនជាង៦០ម៉ឺននាក់ ស្មើនឹងជិត៩៧ភាគរយ និងនៅសល់អ្នកដែលមានលទ្ធភាពអាចចាក់បានប្រមាណ ជាង២ម៉ឺននាក់ ហើយការចាក់ដូសទី២ បានចំនួនជិត ៥៨ម៉ឺននាក់ ស្មើនឹង ៩៥ភាគរយ នៃផែនការជាង៦០ម៉ឺននាក់ និង ក្រៅពីនេះ នៅមានពលរដ្ឋពុំអាចចាក់បានដោយសារមានបញ្ហាសុខភាពប្រហែលជាង ២ម៉ឺននាក់ និង ប្រជាពលរដ្ឋ ចំណាកស្រុកពុំទាន់ទទួលបានការចាក់វ៉ាក់នេះ មានប្រមាណជាង ៣ម៉ឺននាក់ផ្សេងទៀត ។ ឯកឧត្តម ទៀ សីហា មាន ប្រសាសន៍ទៀតថា ការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រុមការងារចម្រុះពេទ្យខេត្ត និង ពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងអំឡុងពេលយុទ្ធនាការកន្លងមកនេះ មិនត្រឹមតែបានចាក់ជូនប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាក់ជូនកុមារអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ និង កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួនជាង៧៥ម៉ឺននាក់ ស្មើនឹង ៨០ភាគរយ នៃផែនការសរុបចំនួនជាង៩៥ម៉ឺននាក់ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា សមិទ្ធផលនៃការចាក់វ៉ាក់ សាំងកូវីដ-១៩ មកដល់ពេលនេះ បើមិនមានវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយភាពទន់ភ្លន់ និង ការគិតគូរដ៏វៃឆ្លាត នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលទេនោះ ប្រហែលជាកម្ពុជា មិនអាចមានវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋ សម្រាប់ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋបានទាន់ពេលវេលានោះឡើយ ខណៈនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង និង នៅថ្ងៃទី១៧ ខែកញ្ញា រាជរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ ក្រោម ១៨ឆ្នាំ និង ថ្ងៃទី១៧ ខែកញ្ញា ២០២១ សម្តេចតេជោបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ចាប់ពី អាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលសកម្មភាពនេះបានបង្ហាញច្បាស់ថា កម្ពុជាត្រូវបានបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយ ជម្ងឺកូវីដ-១៩ ។ លោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍ទៀតថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងនាពេលនេះ មិនមែនមានន័យថា ត្រូវបានបញ្ឈប់ការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយប្រការផ្សេងៗ និងពលករចំណាកស្រុកជាដើម អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងចំនួន ៣កន្លែង រួមមាននៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ជាពិសេសការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញជូនប្រជាពលរដ្ឋ សម្រាប់ក្រុងសៀមរាប នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែធ្នូ និងបណ្តាស្រុកនានា ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមការកំណត់ទីតាំងដោយរដ្ឋបាលខេត្ត នៅពេលក្រោយ ។
លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការកាត់ផ្តាច់ការឆ្លងនិងការចម្លងចម្ងឺកូវីដ-១៩ ចាំបាច់គឺ មិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ។ ក្នុងការការពារខ្លួនកុំឲ្យឆ្លងជម្ងឺកូវីដ-១៩ ហេតុនេះវ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមាន គុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរនៃជម្ងឺ និងកាត់បន្ថយ បានអត្រាមរណៈដោយការរាតត្បាតនៃកូវីដ ដូច្នេះរូបមន្ត បង្ការជម្ងឺកូវីដ- ១៩ គឺ ៣កុំ ៣ការពារ និង ចាក់វ៉ាក់សាំង៕