
ជាមួយគ្នានេះកិច្ចប្រជុំក៏បានធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និង សំណូមពរ របស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់ អនុសាសន៍នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខែ្សនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋាន ស្តង់ដា បច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាព សាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និង ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និង ពិភាក្សាគ្នា រិះរកបច្ចេកទេស ល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្នុងករណីការសាងសង់ កន្លងមកមិន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ ។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬ រយៈពេលជាង ១១ខែ សម្រេចបាន៨៦%នៃ ទំហំការងារ សរុប (២% លឿនជាងផែនការ) គម្រោងនេះគ្រោងបញ្ចប់ ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាង មុខនេះ ។
គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ មិនមែនជាបញ្ហាក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់ អង្គភាពទាំងអស់ បានអនុវត្តទៅតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន និង ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឲ្យ សម្រេចតាមផែនការដែលបានគ្រោងទុក ៕