
បន្ទាប់ពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ ធ្វើការបូជាទៀន ធូប និង ថ្វាយផ្កាភ្ញី នៅរានអាសនៈរួចមក ក្នុងពិធីបួងសួងនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក ។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សា និង ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និង អស់លោក លោកស្រី លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរដ៏បវរនៃយើង ក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល ព្រមទាំងបារមីលោកតារាជ្យ ព្រះអង្គគោកធ្លក ព្រះអង្គងោក និងព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និងបារមីអរុក្ខអរក្ស អ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន និងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិដែលគង់ប្រថាប់នៅលើទឹកដីអង្គរ ជួយធ្វើការកំចាត់នូវជំងឺដ៏កាចសាហាវកូវិដ១៩ និង ជំងឺឆ្លងផ្សេងៗឲ្យវិនាសសាបសូន្យពីកម្ពុជា ក៏ដូចនៅលើពិភពលោកទាំងមូល ព្រមទាំងសូមឲ្យបារមីនាំមកនូវជោគជ័យគ្រប់ប្រការ ក្នុងការស្តារនូវខឿនសេដ្ឋកិច្ចជាតិ សំខាន់លើ វិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរនៃយើង ។
បន្ទាប់ពីធ្វើពិធីបួងសួងទៅតាមទីកន្លែងដែលបានកំណត់រួចមក ក៏មានការនិមន្តព្រះសង្ឃធ្វើកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធ្យាយធម៌ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងប្រទេស នឹងប្រគេននៅទេយ្យទានចំពោះព្រះសង្ឃមួយចំនួនដែរ ។ ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប ចាប់ពីពេលនេះតទៅខេត្តសៀមរាបយើងអាចនឹងវិលត្រឡប់ទៅរកសភាពដើមវិញ ហើយខេត្តសៀមរាបក៏ជាខេត្តមួយដែលកំពុងតែកែប្រែមុខមាត់ថ្មីជាបណ្តើរៗ ស្របពេលដែលជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅបន្តិចម្តងៗផងដែរ ។ ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបានបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគោរពស្រឡាញ់ប្រណិបត្តិនូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿង និងរីកចម្រើនតទៅអនាគត ។
គួររំលឹកថា កម្មវិធីបូងសួងនេះ នៅក្នុងទឹកដីដ៏មហស្ចារ្យនៃខេត្តសៀមរាបយើង មិនមែនទើបតែធ្វើនោះឡើយ គឺមានតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះកន្លងមក ក៏មានពិធីបួងសួងបែបនេះដែរ គឺក្នុងគោលបំណង់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព សំបូរសប្បាយកូនចៅរកស៊ីមានបានជាដើម៕