
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ពិធិផ្ទេរ.ទទួលសាលារៀនគោលដៅអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានបង្ហាញអំពីការតាំងចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រផ្ទេរ.ទទួល កម្មវិធីផ្តល់អាហារតាមសាលារៀន និង បង្ហាញពី ការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់និងផ្តល់ឱកាសដល់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅតាមសហគមន៍ ឲ្យទទួលបាននូវសិទ្ធជាមូលដ្ឋាន ជាពិសេសការទទួលបានសេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងផ្តល់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ ម៉្យាងទៀតបញ្ហាសេសសល់ទាមទារឲ្យវិស័យអប់រំ និងអ្នកពាក់ព័ន្ធជួយគាំទ្របន្ថែម ទៀតទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថវិកា បច្ចេកទេសជាដើម ។
តាមការបញ្ជាក់របស់លោកស្រី Claire Conan នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹង ថា ការផ្តល់អាហារនៅតាមសាលារៀននេះ ជាការលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការទិញនូវ កសិផលក្នុងសហគមន៍ ហើយកម្មវិធីផ្តល់អាហារតាមសាលារៀនជាការវិនិយោគមួយបែបក្នុងការកសាងធនធានមនុស្សដែលជាមូលដ្ឋានគ្រឺះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ពីឆ្នាំ២០១៩មក កម្មវិធីស្បៀងអាហារពិភពលោកបានផ្ទេរសាលាបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនចំនួន២៩០សាលា ដែលក្នុងនោះបានប្រើប្រាស់ថវិកាប្រមាណជាង៣លានដុល្លារ ពេលនេះក៍បានផ្ទេរសាលាចំនួន៨៥បន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងនោះដែរក៏មានសាលាចំនួន ៨៥សាលា ក្នុងស្រុកពួក ,ស្រុកប្រាសាទបាគង និង ស្រុកអង្គរធំ នៃខេត្តសៀមរាបផងដែរ ។
ឯកឧត្តម W.Patrick Murphy ឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ ពីសារសំខាន់នៃកម្មវិធីផ្តល់អាហារតាមសាលានេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជាង៨៤លានដុល្លាដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីគាំទ្រដល់កម្មវិធីនេះ សម្រាប់សិស្សបឋមសិក្សាទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមរំពឹងថា បើទោះណាជាជំនួយត្រូវបានបញ្ចប់នៅពេលណាមួយ កម្មវិធីនេះនៅតែអាចបន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាអាទិភាពមួយរបស់វិស័យអប់រំ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើន ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីការគាំពារសង្គម ។ ក្រសួងអប់រំ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នប្រតិបត្តិ បានប្ដេជ្ញាអនុវត្ត និងសម្រេចឱ្យបាននូវ សូចនាករនានា ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីការគាំពារសង្គម ក្នុងនោះរួមមាន កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ, និងកម្មវិធីផ្ដល់អាហារតាមសាលារៀន សំដៅធានាដល់ការធ្វើឲ្យមានលំនឹងប្រាក់ចំណូលរបស់ប្រជាជន ស្ថិតក្នុងក្រុមគ្រួសារក្រីក្រ, ងាយរងគ្រោះ, និងទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយសង្គម ប្រកបដោយសមធម៌ និងបរិយាបន្ន ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ឯកឧត្តម បញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រសួងពង្រីកវិសាលភាពរបស់កម្មវិធីផ្តល់អាហារតាមសាលារៀនពីចំនួន ២០៥ សាលា ទៅដល់ ២៩០សាលា ក្នុងខេត្តគោលដៅចំនួន ៩ ទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។ ទន្ទឹមជាមួយនោះ ផែនការយុទ្ធសាស្រ្ត ផ្ទេរ-ទទួល កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងត្រូវបានពិភាក្សា រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធានាឲ្យការអនុវត្តប្រព័ន្ធជំនួយសង្គម កាន់តែមានគុណភាព គណនេយ្យភាព សង្គតិភាព ចីរភាព និង បរិយាបន្ន សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ។ ជាជំហានបន្ទាប់ ក្រសួងនឹងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការដាក់ចេញនូវអនុក្រឹត្យ និងប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ៕