
លោក សាម ឡន ប្រធានសមាគមក្រុមប្រឹក្សាក្រុង.ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប បានឲ្យ ដឹងថា ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ និង អង្គទីគ័រ អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក អ៊ា ឆេងស៊ី និង លោកស្រី លន់ ស៊ីគួង រស់នៅខេត្តត្បូងឃ្មុំចំនួន ៤ម៉ឺនគ្រឿង ហើយត្រូវបានចែករំលែកជូនមកសមាគមក្រុមប្រឹក្សាក្រុង.ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ចំនួន១ម៉ឺនគ្រឿង ដើមី្បយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ទៅតាមតម្រូវការតាមការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ និង មេរោគបម្លែងថ្មី។
ក្នុងនាម ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សំខាន់បញ្ហាសុខមាលភាពសាធារណៈ និង ខិតខំប្រឹងប្រែង ពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវីដ-១៩ និង មេរោគបម្លែងថ្មី អូមីក្រុង ។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាន និងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជា និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំ របស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ ផងដែរ ។
លោកបន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់បងប្អូនសប្បុរសជន រាជរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ ក៏ដូចសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប បាននាំយកអំណោយឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និង អង្គទីគ័រ របស់សប្បុរសជន ជូនដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ។ ម៉្យាងទៀត ឧបករណ៍ធ្វើតេស្តរហ័សទាំងនេះ នឹងធ្វើការបែងចែក ជូនទៅតាមបណ្តាក្រុង ស្រុក យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។ ក្នុងនោះដែរលោកក៏បានលើកផងដែរថា ទោះបីយើងបានចាក់វ៉ាក់សាំងគ្រប់ដូសក៏ពិតមែន ក៏យើងត្រូវបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថា កូវិដមិនរើសអើងដល់ជនណាម្នាក់នោះឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ ៕