
ថ្លែងក្នុងពិធីប្រប្រកាសសុពលភាពក្រុមប្រឹក្សាឃុំចាន់ស និងឃុំដំដែក លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប បានថ្លែងអបអរសាទរ ចំពោះ មេឃុំ ជំនប់ និងក្រុមប្រឹក្សា ឃុំពីរ ដែលទទួលបាននូវទំនុកចិត្ត និង ក្តីស្រឡាញ់ពេញចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី ៥ខែមិថុនាកន្លងទៅ ។ លោកស្រីក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ ទោះបីសមាសភាពមកពី គណបក្សនយោបាយផ្សេងគ្នាក៏ដោយ ត្រូវឈរគោលការច្បាប់ ជាតំណាងឲ្យប្រជាពលរដ្ឋ ខិតខំបំពេញ តួនាទី ភារកិច្ច ក្នុងការគ្រប់គ្រង់ ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា កម្ពុជាចាប់ផ្តើមរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាំងពីឆ្នាំ២០១២មកម្លេះ តាមគោលការណ៍ប្រជាធិបតេយសេរីពហុបក្ស មកដល់ពេលនេះបានចំនួន៥អាណត្តិរួចមកហើយ ហើយរាល់ការបោះឆ្នោតនិមួយៗ ត្រូវបានមជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ វាយតម្លៃថា ដំណើការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា កាន់តែវិវត្តរីកចំរើនជាលំដាប់ ដែលបញ្ជាក់អោយឃើញ នូវអត្ថន័យយ៉ាងជ្រាលជ្រៅ នូវប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺទី១-ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន ,ទី២-ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និងទី៣-ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ ។
លោកស្រីក៏បានធ្វើការផ្តាំផ្ញើ និងគូសបញ្ជាក់នូវចំណុចមួយចំនួន ដោយបានសង្កត់ធ្ងន់ ឲ្យសមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ត្រូវសម្រួចឆន្ទៈ ក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន ពិសេសយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន៕