
ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលេីកទី៧ ក្រោយពីអាក់ខានរយៈពេល ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ហេីយទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី៧ (Khmer Empire Marathon) ឆ្នាំ២០២២នេះ នឹងធ្វេីឡេីងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង៤ព្រឹកព្រលឹមស្រាងៗ ដែលនឹងប្រារព្ធនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលក្នុងឆ្នាំ២០២២នេះមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចំនួន២ ០០០នាក់ មកពី ២៦ប្រទេស នឹងមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិនេះ។
លោកអភិបាលរងខេត្ត បានគាំទ្រនូវព្រឹត្តិកាណ៍ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរនៅលេីទឹកដីអង្គរ ដែលជាទឹកដីប្រវត្តិសាស្ដ្រ និងបានណែនាំឱ្យមន្ទីរ អង្គភាព កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា ដេីម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងធ្វេីឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែប្រសេីរ។
តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គោលបំណងនៃទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ (Khmer Empire Marathon) គឺ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវធ្លាក់ភ្លៀវ ហើយក៏ផ្សារភ្ជាប់នូវសកម្មភាព មនុស្សធម៌ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ កិច្ចការសង្គម មនុស្សធម៌នានា ជាពិសេសគឺបន្ថែមគោលបំណងថ្មីមួយ គឺចាប់ពីឆ្នាំ២០១៩មក ទិវារត់ប្រណាំងម៉ារ៉ាតុន ក៏ដូចជាពាក់កណ្តាលម៉ារ៉ាតុង នៅកម្ពុជាទាំងអស់ គឺដើម្បីអបអរសាទរការរត់ឆ្ពោះទៅកាន់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ៕