
ក្នុងសិក្ខាសាលានេះដែរ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរាយការណ៍ពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារកិច្ចការពារកុមារខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២។
លោកស្រី អភិបាលរងខេត្ត ក៏បានលេីកឡេីងអំពើហិង្សាលើកុមារ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ដែលបានស្ដែងចេញតាមរូបភាព អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឬការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់កុមារ ក៏ដូចជាការទទួលរងគ្រោះពីគ្រោះមហន្តរាយនានាជាដើម។ តាមរយៈការសិក្សាស្រាវជ្រាវមុនៗបានបង្ហាញថា ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅ
ក្នុងប្រទេសកម្ពុជា មានតម្រូវការចម្រុះដែលមិនអាចបំពេញបានពេញលេញ ដោយអ្នកផ្តល់សេវាតែម្នាក់ ឬ ការផ្តល់សេវាមិនបានសម្របសម្រួលត្រឹមត្រូវតាមច្បាប់ ។ កន្លងមកតាមរយៈ ការអនុវត្តផ្ទាល់ជាលទ្ធផលទាំងស្ថាប័នរដ្ឋ និងអង្គការបានជួបប្រទះនូវបញ្ហាមួយចំនួន ក្នុងការបញ្ជូនជនរងគ្រោះ និងការគ្រប់គ្រងទិន្នន័យនៃការផ្តល់ និងទទួលសេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅមានកម្រិត ពិសេសកុមារ។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីពិនិត្យលេីវឌ្ឍនភាព នៃការអនុវត្តផែនការកិច្ចការពារកុមារឆ្នាំ២០២១ ព្រមទាំងលេីកបញ្ហាប្រឈមមកពិភាក្សារកដំណោះស្រាយ និងការរៀបចំផែនការខេត្តស្ដីពីកិច្ចការពារកុមាររយៈពេល ៣ឆ្នាំរំកិល (ឆ្នាំ២០២៣-២០២៥)៕