ក្នុងនាមរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត បានសម្តែងការកោតសរសើរ ចំពោះអង្គការស្លាបព្រាកម្ពុជា បានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជនដែលខ្វះលទ្ធភាពនៅក្នុងប្រទេសកម្ពុជា អាចពឹងពាក់ខ្លួនឯងបាន តាមរយះការផ្តល់នូវការអប់រំ បណ្តុះបណ្តាល និងឱកាសការងារ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងប្រើប្រាស់វិធីសាស្រ្តដែលមានសារះសំខាន់ដែលផ្តោតទៅលើការអភិវឌ្ឍបំណិនជីវិត ដើម្បីឲ្យសហគមន៍កម្ពុជា ជាកន្លែងដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នា និងមានឯករាជ្យភាព និងសមត្ថភាពដើម្បីបង្កើតជីវិតផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរ ។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា មានប្រសាសន៍ថា៖សម្រាប់ឆ្នាំ២០២២ នេះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (Rethinking Tourism) ដែលប្រព្រឹត្តទៅនៅពីថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ប្រធានបទឆ្នាំនេះ បានឆ្លើយតបទៅនឹងសភាពការណ៍ទេសចរណ៍សកល តំបន់ និងកម្ពុជា ដែលបានកំពុងប្រឈមនឹងឧបគ្គជាច្រើនស្មុគស្មាញប្រទាក់ក្រឡា ដូចជាការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុកនិងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាដើម។ល។ ហើយតាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលនុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរអិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍សម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានោះ ឯកឧត្តម ប៉ាក់ សុខុម ក៍បានថ្លែងអំណរគុណ ដល់អង្គការស្លាបព្រាកម្ពុជា ដែលបានអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលនឹងផ្តល់នូវការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចពិតប្រាកដដល់យុវជនកម្ពុជា និងការតម្រង់ទិសអាជីពវិជ្ជាជីវៈបានយ៉ាងល្អប្រសើរក្នុងដំណាក់កាលស្តាឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាផងដែរ។ លើសពីនេះ អង្គការស្លាបព្រាកម្ពុជា ក៍តែងតែខិតប្រឹងប្រែងប្រែងបណ្តុះបណ្តាលអ្នកជំនាញថ្មីបន្តវេន បើទោះជាជួបការលំបាកជាច្រើនតាំងពីការជ្រើសរើសសិក្ខាកាម ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការស្វែងរកឱកាសហ្វឹកហាត់ការងារដល់សិស្សានុសិស្សរបស់ខ្លួន នេះជាការលះបង់រួមគ្នាក្នុងគ្រាលំបាកចូលរួមដោះស្រាយបញ្ហាចំពោះមុខ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងការប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ពង្រឹងគុណភាព និងផលិតភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និយាយជារួមនៅកម្ពុជា និងនិយាយដោយឡែកក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្តង។
ផ្អែកតាមរបាយការណ៍ក្រសួងទេសចរណ៍៖ខេត្តសៀមរាប កំពុងចាប់ផ្តើមកំរើកឡើងវិញជាបណ្តើរៗនូវការមកដល់របស់ទេសចរណ៍អន្តរជាតិ និងការមកទស្សនាយ៉ាងច្រើនកុះកររបស់ទេសចរក្នុងស្រុក ជាពិសេសអំឡុងថ្ងៃឈប់សម្រាក និងពិធីបុណ្យទាននានាផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ០៧ខែនេះ យើងឃើញថា ភ្ញៀវទេសចរ ដែលចូលមកកាន់ខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ ៧០% ជាទេសចរអន្តរជាតិ ហើយការហោះហើរមានចំនួនប្រមាណ ៧ ទៅ ៨ ជើងហោះហើរ ដែលមានទេសចរជាមធ្យម ៧០០ ទៅ៨០០នាក់ក្នុងមួយថ្ងៃ។ ម៉្យាងវិញទៀត អំឡុងឈប់សម្រាកបុណ្យភ្ជំបិណ្ឌនាពេលថ្មីៗនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ១៤៣,៤៧០នាក់ ជាប់លំដាប់ថ្នាក់លេខ ២ដែលជាខេត្តមានទេសចរដើរកម្សាន្តច្រើនជាងគេក្នុងប្រទេស៕