រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ផ្ទះមនុស្សធម៌ទី៨៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានប្រគល់គ្រួសារងាយរងគ្រោះ នៅស្រុកក្រឡាញ់

ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសាងសង់ផ្ទះមនុស្សធម៌ទី៨៣ និងត្រូវបានធ្វើពិធីប្រគល់ជូនប្អូនស្រី នៅ ម្លិះ អាយុ ២២ឆ្នាំ និងប្ដីឈ្មោះ សំ និត មានសហជិកគ្រួសារ៧នាក់ រស់នៅភូមិភ្នំទ្រង់បាត្រ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ គៀន ស្រីនាង ទ្រីភាព ជាសប្បុរសជនឧបត្ថម្ភផ្ទះនេះ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២។ ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ម៉ែត្រ សាងសង់ឡើងដោយបានការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវ គៀន ស្រីនាង ទ្រីភាព តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។មានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗម្ចាស់ផ្ទះ និងលោកតា លោកយាយ អ៊ំពូមីង ក្នុងឱកាសនេះលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ផ្ទះមនុស្សធម៌នេះប្រគល់ជូនគ្រួសារប្អូនស្រី នៅ ម្លិះ ចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ មួយវិញទៀតចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ។ អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀលព្រមទាំងសូឡា និងអំពូល១ឈុត ជាមួយគ្នានេះដែរលោកជំទាវ គៀន ស្រីនាង ក៏បានឧបត្ថម្ភនូវថវិកា៥០០ដុល្លារបន្ថែមផងដែរ។ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤ម៉ឺនរៀល ហើយលោកជំទាវ គៀន ស្រីនាង ក៏បានឧត្ថម្ភបន្ថែនចំនួន៥ម៉ឺនរៀលទៀតសម្រាប់លោកយាយ លោកតាមា្នក់ៗ។ សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១១ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី ៨៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក។ បន្ទាប់ពីពីធីប្រគល់ផ្ទះចប់សព្វគ្រប់ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូ បានរៀបចំ និងអញ្ជើញលោកយាយ លោកតា និងសមាជិកនៃពិធីនេះ ពិសានំបញ្ចុកសាមគ្គីទាំងអស់គ្នានៅទីនេះផងដែរ៕

អត្ថបទទាក់ទង