
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមប្រសាសន៍បញ្ជាក់របស់លោក អ៉ឹង គឹមលាង បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលក្រុងសៀមរាប និង ស្រុកពួកផងដែរ។ ជាមួយគ្នានេះ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន ១៤ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម (លើតម្លៃស្រូវ ) ,អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ,អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ , សុខាភិបាល , បញ្ហាដីធ្លី (ដីស្រែប្រាំង) និង តំបន់អប្សរា ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរលាយល័ក្ខអក្សរ មាន៣៧សំណួរ សំណូមពរផងដែរ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈ ក្នុងកោលដៅទី៦នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល៕