
ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បង្ហាញថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនិងចក្ខុវិស័យដ៏វែងឆ្ងាយ ខេត្តសៀមរាប បាននិងកំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស។ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធូរស្រាល វិបត្តិសង្គ្រាមនៅតាមបណ្ដាប្រទេសនៅលើពិភពលោកបានកើតឡើងជាបន្ទាប់បន្ត ដែលបញ្ហាទាំងនោះ បានបង្ហាញពីតម្លៃពិតនៃសន្តិភាព ដែលកម្ពុជាកំពុងរក្សាបាន និងមានសម្ដេចតេជោ ជាស្ថាបនិកដ៏ឆ្នើម។
ឯកឧត្តម បញ្ជាក់ថា ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានវត្តមាននាពេលនេះ រួមមាន អ្នកពាក់ព័ន្ធក្នុងវិស័យធុរកិច្ច វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យធនាគារ វិស័យអចលនទ្រព្យ និងវិស័យសេវាកម្សាន្តផ្សេងៗ។ ការជួបជុំនេះ ជាការបង្ខិតឱ្យជិត និងស្វែងយល់អំពីគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន។ ឯកឧត្តម បញ្ជាក់បន្ថែមថា តាមការស្ទង់មាតិរបស់សមាជិក នៅក្នុងសមាគមបង្ហាញថាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានភាពល្អប្រសើរទាំងនៅតាមបណ្ដាស្រុក និងក្នុងក្រុងសៀមរាប។
នាឱកាសនោះ លោក នាក់ ណេរ៉ុន លើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត តែងតែបាន អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជា ផែនការនានារបស់របស់រាជរដ្ឋាភិបាល លើសពីនោះរដ្ឋបាលខេត្ត ក៏បានលើកគម្រោង និងផែនការអភិវឌ្ឍសេដ្ឋកិច្ចនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនោះ សមិទ្ធផលផ្លូវ ៣៨ខ្សែ និងការកែលម្អសោភណ្ឌភាពស្ទឹងសៀមរាប ដែលជាអំណោយរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាជនក្នុងខេត្តសៀមរាប បានជួយលើកកម្ពស់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌។
លោកអភិបាលរងខេត្ត បន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងខេត្តសៀមរាបក្នុងមួយថ្ងៃមានប្រមាណ២០០០នាក់ ហើយនាតុលាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក នឹងចាប់ផ្ដើមបើកដំណើរការសាកល្បង ដែលជាបច្ច័យល្អក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្ត និងទូទាំងប្រទេសឱ្យមានសន្ទុះឡើងវិញ។ ជាមួយនោះ លោក ក៏បានជំរុញដល់វិស័យឯកជនទាំងអស់ ធ្វើទំនើបកម្មពាណិជ្ជកម្ម អាជីវកម្មគ្រប់កម្រិតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង យុគសម័យឧស្សាហកម្ម ៤.០។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់អ្នកស្ថិតក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធទាំងអស់ សូមណែនាំដល់បុគ្គលិកក្រោមឱវាទ និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សានូវសុខុមាលភាពសង្គម ក៏ដូចជាត្រៀមខ្លួនទទួលទាំងអ្នកវិនិយោគបរទេស និងអ្នកទេសចរអន្តរជាតិ ដែលគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា នៅពេលខាងមុខនេះ៕