
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ការអានអនុក្រឹត្យតែងតាំង និង ការប្រគល់អនុក្រឹត្យនិងត្រារដ្ឋាករទឹកស្វយ័តសៀមរាបព្រមទាំង ឯកឧត្តម ឃុត វុត្យារិទ្ធ អតីតជាអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប រាយការណ៍សង្ខេបស្តីពីសមិទ្ធផល ក៏ដូចជាស្នាដៃសម្រេចបានក្នុងអណត្តិការងាររបស់ឯកឧត្តមរយៈពេលជាង១០ឆ្នាំកន្លងមក ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់និងកោតសរសេីរចំពោះសមិទ្ធផលការងារធំៗទាំងឡាយដែលឯកឧត្តម ឃុត វុត្យារិទ្ធ សម្រេចបាននាពេលកន្លងមកបន្ទាប់ពីឯកឧត្តមបានត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាទឹកស្វយ័តសៀមរាប បានធ្វើការដឹកនាំពុះពាររាល់ការលំបាកសព្វបែបយ៉ាង ដើមី្បបម្រើការផ្គត់ផ្គង់ទឹកស្អាត នៅក្រុងសៀមរាប ដែលជាក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរ ពីការខិតខំរបស់ក្រសួង ក្នុងការស្វែងរកដៃគូរ ក្នុងកិច្ច អភិវឌ្ឍវិស័យទឹកស្អាតនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសណ្ឋាគារធំៗ ដែលទាមទានូវតម្រូវការទឹកស្អាត ប្រើប្រាស់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និង តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតការពង្រីកវិសាលភាពនៃប្រព័ន្ធទឹកស្អាតនេះ ក៏ជាការកាត់បន្ថយការប្រើប្រាស់ទឹកក្រោមដីក្នុងក្រុងសៀមរាប និង ជួយសង្រ្គោះដល់ប្រាង្គប្រាសាទអង្គរ កុំឱ្យរងគ្រោះដោយប្រការណាមួយ នៅពេលដែលគ្មានទឹកក្រោមដីទ្រទ្រង់ប្រាសាទ។ ដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ នៃការប្រើប្រាស់ទឹកស្អាតឲ្យបានពេញលេញក្នុងក្រុងសៀមរាប និងនៅតាមបណ្តាស្រុកដែលនៅជិត ដែលចេះតែកើនឡើងយ៉ាងគំហុកនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដល់រដ្ឋាករទឹកស្វ័យតសៀមរាបឱ្យធ្វើការវិនិយោគទ្រង់ទ្រាយធំ លើការពង្រីកនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគៀគរនូវប្រភពទុនពដៃគូអភិវឌ្ឍនានាបាននាំមកនូវភាពជោគជ័យជូនរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ចក្ខុវិស័យត្រឹមត្រូវ មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនដែលបានស្ម័ត្រចិត្តចាក ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និង តំបន់ពាក់ស្នែង ទទួលបានទឹកស្អាតប្រើប្រាស់។ ឯកឧត្តមក៏បានបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌឥណទានពីភ្នាក់ងារអភិវឌ្ឍ បារាំង(AFD) ដែលមានសមត្ថភាពក្នុងការផលិត ចំនួន ១៥ពាន់ម៉ែត្រគូមក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិចក្នុងការផ្គត់ផ្គង់ក្នុងក្រុង។ ម្យ៉ាងទៀតបានរៀបចំ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាតសៀមរាប ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) លើការងារសាងសង់រោងចក្រប្រតិកម្មទឹកស្អាតថ្មីមួយបន្ថែម ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និង បានតភ្ជាប់បណ្តាញប្រព័ន្ធទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅអាកាសយានដ្ឋានថ្មីផងដែរ៕