រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តតៃវ៉ាន់​ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង

  • 210
  • ដោយ vannak

ក្រុមគ្រូពេទ្យឯកទេសតៃវ៉ាន់ នៃសាធារណរដ្ឋប្រជាមានិតចិន បានស្ម័ត្រចិត្តចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ចែកជូនអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ១ពាន់២០គ្រួសារ និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមរយៈសមាគមមនុស្សធម៌តៃវ៉ាន់ឈឺងអ៉ីឈឿសាន់សៀហួយ ដែលដឹកនាំដោយលោក ឈិន សៀហុង ប្រធានសមាគមមនុស្សធម៌សឹងសួយកានឡូ កាលពីព្រឹកថ្ងៃទី ១៤ មីនា ឆ្នាំ២០២៣ ក្រោមវត្តមានចូលរួមរបស់ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក ពិន ប្រាកដ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក មេឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងកងកម្លាំងទាំងបីប្រភេទផងដែរ ។ ក្នុងកិច្ចស្វាគមន៍របស់លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ស្រុកប្រាសាទបាគង មាន៩ឃុំ មាន៦៨ភូមិ ។ ដោយឡែកឃុំកំពង់ភ្លុក មានភូមិចំនួន៣ មានចំនួន ៩៩៨គ្រួសារ និង ប្រជាពលរដ្ឋ សរុប ៣ពាន់៨២៥នាក់ ស្រី ១ពាន់៩៣៨នាក់ ដោយប្រកបរបរជាប្រជានេសាទ ៦៥% និងដឹកភ្ញៀវទេសចរណ៍ ៣០% និង ៥%ទៀតប្រកបរបរលក់ដូរ ។​ តាមការបញ្ជាក់របស់លោក ឈិន សៀហុង ប្រធានសមាគមន៍មនុស្សធម៌ សឹងសួយកានឡូ បានឲ្យដឹងថា ដំណើរ ចុះបំពេញបេសកកម្ម ពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកនេះ មានរយៈពេល៣ថ្ងៃ ក្នុងនោះមានក្រុមគ្រូពេទ្យឯកទេសជំនាញ ១៥នាក់ រួមទាំងក្រុមការងារមួយចំនួនទៀតផង ។ លោកក៏បានឲ្យដឹងទៀតថា ការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនាពេលនេះ ពិនិត្យទៅលើផ្នែកសសៃរ និង ឈឺសន្លាក់ ដោយប្រើនូវវិធីសាស្ត្រព្យាបាលតាមបែបបូរាណចិន និង ចាក់ម្ជុលវិទ្យាសាស្ត្រទៀតផង ។ មានប្រសាសន៍សំណេះសំណាលនោះលោក ពិន ប្រាកដ អភិបាលរងខេត្ត និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យតៃវ៉ាន់ សមាគមមនុស្សធម៌សឹងសួយកានឡូ និងសមាគមមនុស្សធម៌តៃវ៉ាន់ឈឺងអ៉ីឈឿសាន់សៀហួយ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកនេះ ។ ក្នុងនោះដែរលោក ពិន ប្រាកដ និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានចូលរួមសាទរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ដែលបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការកាត់ឆ្វៀលឃុំកំពង់ភ្លុកទាំងមូល ចេញពីដីព្រៃលិចទឹកតំបន់៣ ជូនដល់បងប្អូនធ្វើកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ដោយមិនភ័យខ្លាចដូចពីមុនឡើយ ។ ម៉្យាងទៀតរាល់ដីកម្មសិទ្ធិ ក្រោយពីរដ្ឋបានចេញនូវប័ណ្ណសម្គាល់អចលនៈទ្រព្យ របស់បងប្អូនហើយនោះ នេះហើយជាមរតកក្នុងគ្រួសារ បងប្អូនមានសិទ្ធិយកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាត់របស់បងប្អូនផងដែរ ។ ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ា ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរួមសហការគ្នាឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារ អភិរក្សនូវសម្បត្តិធម្មជាតិដែលនៅជុំវិញបងប្អូន មិនត្រូវធ្វើការកាប់រានព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតឡើយ តែបើបងប្អូនក្នុងឃុំកំពង់ភ្លុក ឬក៏មកពីតំបន់ផ្សេងៗ មក បំពាននោះ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ ចំពោះអាជ្ញាធរស្រុក ឃុំ និងស្ថប័នពាក់ព័ន្ធទាំងអស់ ត្រួវរួមគ្នាធ្វើយុទ្ធនាការក្នុងការដាំដុះឡើងវិញ នូវកូនឈើព្រៃលិចទឹក នៅតាមតំបន់មានការរីករឹល ដើមី្បជាជម្រកត្រីពងកូននៅរដូវទឹកឡើង តែបើគ្មានព្រៃលិចទឹកទេនោះ បងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក និងបាត់បង់នូវអាជីព ចំណូលរបស់ខ្លួន នឹងធ្វើឲ្យជីវភាពរបស់បងប្អូនកាន់តែធ្លាក់ចុះថែមទៀត ។ ម៉្យាងទៀតដោយឃុំកំពង់ភ្លុកនេះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងការបង្កើននូវមុខរបរដល់បងប្អូននៅទីនេះ តាមរយៈវិស័យទេសចរណ៍ ក្នុងការលើកស្ទួយជីវភាពរបស់បងប្អូន និង កាត់បន្ថយនូវរាល់បទល្មើសនេសាទទៀតផង ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ត្រូវប្រញ៉ាប់ទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់ខ្លួន ដើមី្បត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕

អត្ថបទទាក់ទង