
ថ្លែងក្នុងកម្មពិធីផ្សព្វផ្សាយនេះដែរ លោក យុន លីនណេ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាទឹកដីដ៏ចំណាស់របស់កម្ពុជា ដែល មានមហាក្សត្រជាច្រើនអង្គ បានកសាងស្នាព្រះហស្តដ៏ច្រើនមហិមា ក្នុងនោះប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា ល្បីល្បាញពាសពេញពិភពលោក។ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តសៀមរាបក៏នៅមានប្រាសាទ បុរាណដ៏អស្ចារ្យ និងល្បីៗជាច្រើនទៀត ដែលទទួលបាននូវការកោត សរសើរ និងស្ញប់ស្ញែងពាសពេញពិភពលោកផងដែរ។ ជាមួយគ្នានោះ រមណីយដ្ឋានអង្គររបស់យើង ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិពិភពលោក របស់អង្គការ UNISCO ក្នុងឆ្នាំ១៩៩២ ហើយពេលបច្ចុប្បន្នប្រាសាទ អង្គរ គឺជារមណីយ-ដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមបំផុត សម្រាប់ព្រះរាជា-ណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះវិស័យទេសចរណ៍ បានក្លាយទៅជាវិស័យដ៏មានសក្តានុពល សម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏ដូចខេត្តសៀមរាបយ៉ាងសំខាន់។ បច្ចុប្បន្ន ខេត្តសៀមរាប បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចលំដាប់ទី២ របស់កម្ពុជា ដែលបានផ្ដល់នូវឱកាសជាច្រើនសម្រាប់អ្នកវិនិយោគ ក្នុងខេត្តសៀមរាប។
បច្ចុប្បន្ន ខេត្តសៀមរាប គឺជាខេត្តមួយដែលមានភាពទាក់ទាញ ក្នុងការវិនិយោគ សម្រាប់វិស័យឧស្សាហកម្ម ហើយក៏ជាខេត្តមួយ ដែលផ្ដល់ឱកាសល្អជាច្រើនផងដែរ សម្រាប់ធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈកាន់តែប្រសើរឡើង ជាគោលដៅដ៏ទាក់ទាញជាទីបំផុតនៅក្នុងតំបន់ និងពិភពលោក និងមានភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្ម ដែលមានតម្លៃថោក ជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ការរៀបចំក្រុងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតអាស៊ាន។ ជាមួយនោះ សេវាកម្មទេសចរណ៍នានារបស់ខេត្ត រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងម៉ាស្សា ខារ៉ាអូខេ ឌីស្កូតែក ក៏បានបើក ដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបណ្តើរៗហើយ ដោយទីតាំងអាជីវកម្មដ្ឋាន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងតាមការចង្អុលបង្ហាញរបស់អាជ្ញាធរមានសមត្ថកិច្ច។ ជាក់ស្តែងក្នុងរយៈ ឆ្នាំ២០២២ទៅនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ២៨ម៉ឺននាក់ ខណៈដែលក្នុងឆ្នាំ២០២១ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រមាណត្រឹមតែ១,២០០០ ម៉ឺននាក់ប៉ុណ្ណោះ។
មួយវិញទៀត ដើម្បីធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀតនោះ រដ្ឋបាលខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៣ ដែល កន្លងផុតទៅនេះ ហើយតាមរយៈនៃការរៀបចំព្រឹត្តិការណ៍ ឃើញថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចូលមកកម្សាន្តសប្បាយក្នុងខេត្ត សៀមរាប មានប្រមាណជាង៣៣ម៉ឺននាក់។ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកាន់ខេត្តសៀមរាបឱ្យកាន់តែច្រើន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប កន្លងទៅនេះ។ ជាលទ្ធផលរយៈពេល ០៣ថ្ងៃ នៃព្រឹត្តិករណ៍អង្គរ សង្ក្រាន្តខេត្តសៀមរាបទទួលបានទេសចរជាតិ និងអន្តរជាតិសរុបជាង២,១២០.៣៧៣នាក់នេះគឺជាចំនួនមួយដ៏ច្រើលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ទាំងនេះនឹងបានរួមចំណែកដល់ការលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋរបស់យើងបានមួយកម្រិតទៀត។
+20