
កន្លងមកមានឯកសារបច្ចេកទេស កម្មវិធី និងសៀវភៅណែនាំជាច្រើនត្រូវបានរៀបចំ និងដាក់ចេញដោយបានប្រគល់តួនាទី និងភារកិច្ច បន្ថែមទៅឱ្យ គ.ក.ន.ក ដូចជាឯកសារបច្ចេកទេសស្តីពីការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់រដ្ឋបាលឃុំ សង្កាត់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម១២ឆ្នាំក្នុងគ្រួសារក្រីក្រ សៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់ សៀវភៅណែនាំស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ឃុំ សង្កាត់ជាដើម បានប្រគល់តួនាទី និងភារកិច្ចបន្ថែមដល់ គ.ក.ន.ក ជាពិសេសចំពោះអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។ តាមរយៈការដាក់ចេញឯកសារបច្ចេកទេស កម្មវិធី និងសៀវភៅណែនាំដូចបានរៀបរាប់មកខាងលើ តួនាទីនិងភារកិច្ច របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) បានកើនឡើង ជាបន្តបន្ទាប់ ដែលតម្រូវឱ្យមានការកែសម្រួលសមាសភាព តួនាទីភារកិច្ច និងរបៀបរបបការងារ ឱ្យស្របនឹងបរិបទថ្មី ដើម្បីឱ្យ គ.ក.ន.ក អាចអនុវត្តនូវតួនាទី និងភារកិច្ចដ៏ ច្រើនលើសលុបរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
ម្យ៉ាងទៀត តាមរយៈសមិទ្ធផលនានា ដែលកើតចេញពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំមុនឆ្នាំ២០២០ មុនពេលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឈរលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យចំណូលចរន្តថវិកាជាតិ មានការកើនឡើង ដែលជាហេតុធ្វើឱ្យមូលនិធិឃុំ សង្កាត់ក៏ត្រូវបានបង្កើនបន្ថែមជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈឱ្យ ក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែមានលទ្ធភាព ក្នុងការខិតខំដោះស្រាយតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ ដោយឃុំ សង្កាត់នីមួយៗទទួលបានថវិកា សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន និងផ្នែកសេវាសង្គម ដោយមានការកើនឡើងផងដែរ។ ជាមួយនឹងការកើនឡើងផ្នែកថវិកានេះ មុខងារជាច្រើន ក៏ត្រូវបានផ្ទេរជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ ខណៈដែលបុគ្គលិកពុំបានផ្ទេរទៅជាមួយឡើយ ដោយបានបន្ថែមភារកិច្ចទាំងនោះទៅឱ្យស្មៀនឃុំ សង្កាត់ ឬ គ.ក.ន.ក. ដែលជាការបន្ថែមបន្ទុក ជាហេតុធ្វើឱ្យស្មៀនឃុំ សង្កាត់ ឬ គ.ក.ន.ក. មិនអាចរ៉ាប់រង អស់ការងារ ឬអនុវត្តការងារពុំសូវមានប្រសិទ្ធភាព។ មួយវិញទៀត ដោយពិនិត្យឃើញថាការយល់ដឹង ការយកចិត្តទុកដាក់ ការគាំទ្រនិងការចូលរួមពីអ្នកពាក់ព័ន្ធ ឪពុកម្តាយ ឬអាណាព្យាបាលលើកិច្ចការពារកុមារនៅមានកម្រិត បានធ្វើឱ្យអំពើហិង្សាគ្រប់ទម្រង់ ការកេងប្រវ័ញ្ច ការជួញដូរ និងការរំលោភបំពានលើកុមារនៅតែជាប្រធានបទក្តៅគគុក និងជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ន។
ក្នុងនោះដែលលោកស្រីអភិបាលរង បានវាយតម្លែខ្ពស់ចំពោះក្រុមការងារទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងទីចាត់ការផែនការ និងវិនិយោគ ដែលបានសហការគ្នាក្នុងការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលឡើង ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹងដល់អ្នកពាក់ព័ន្ធក្នុងការជួយជំរុញ និងសម្របសម្រួលដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យរៀបចំនិងអនុវត្តន៍តាមខ្លឹមសារមេរៀនក្នុងសៀវ-ភៅណែនាំ ស្ដីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់៕