
មានប្រសាសន៍សំណេះសំណាលនាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈនៅទូទាំងប្រទេស ជាពិសេសរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្ថានភាព ដែលសភាពការណ៍ក្នុងតំបន់ និង ពិភពលោក កំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ រួមជាមួយនឹងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានផលប៉ះពាល់មកលើសន្តិសុខ និងការលូតលាស់សេដ្ឋកិច្ចជាតិយើង។ រាជរដ្ឋាភិបាលបានជម្រុញអនុវត្តជាប់ជាប្រចាំនូវកម្មវិធីកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ មានភាពប្រទាក់ក្រឡាគ្នា សម្រេចបានសមិទ្ធផលតាមការគ្រោងទុក ដើម្បីធានាការលើកកម្ពស់អភិបាលកិច្ច ក្នុងវិស័យសាធារណៈ និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ ។
សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលបានរួមគ្នាខិតខំពង្រឹងនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” បានរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៅក្នុងព្រឹត្តិការណ៍ ទទួលបានជោគជាផ្លែកន្លងមក ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និង អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារសន្តិភាព មិនត្រូវឲ្យសន្ដិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ទោះអស់តម្លៃណាក៏ដោយ ។ ចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផល ទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ធផលដែលយើងទាំងអស់គ្នា សម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ។ ជាពិសេស សមិទ្ធផលជ័យជម្នះ៧មករា ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើង ជាដរាបតរៀងទៅ។
សម្តេចក៏បានធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា សំដៅរួមគ្នាបន្តជម្រុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕