
លោក យុន លីនណេ អភិបាលរងខេត្ត សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ លោកបានបញ្ជាក់ថា គោលបំណងដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិ១ ផលិតផល១ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិត សួង ណយ ដើមី្បឈានទៅការនាំចេញទៅក្រៅប្រទេស និង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេសកាត់បន្ថយភាពក្រីក តាមរយៈការអភិវឌ្ឍផលិតផលភូមិ១ផលិតផល១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ។ ឯកឧត្តមបានបន្តទៀតថា សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៩ ដែលមានចក្ខុវិស័យ ក្លាយជាថ្នាល ជាតិ សម្រាប់ការលើកកម្ពស់ក៏ដូចជាអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀងគរវិនិយោគនិងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីតាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និង ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ជាមួយនឹងគោលដៅរួមគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្របកដោយបរិយាបន្ន និងនិរន្តរភាព និងមើលឃើញថាលទ្ធភាពទទួលបានទីផ្សារជាបញ្ហាចម្បងមួយសម្រាប់សហគ្រាសនៅកម្ពុជា -OVOP និងអង្គការអុកស្វាម បានសហការគ្នាតាំងពីឆ្នាំ២០២២ តាមរយៈគម្រោង «ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហ គ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។ គម្រោងនេះ រួមមានការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និង អ្នកទិញ នៅតាមបណ្តាខេត្ត-ក្រុងជាង១០។ អ្នកចូលរួមនឹងអាចបង្ហាញផលិតផល/សេវាកម្មរបស់ពួកគេ និងភ្ជាប់ទំនាក់ ទំនងជាមួយអ្នកទិញ និងអ្នកលក់សក្តានុពល។
ឯកឧត្តមបានបន្តទៀតថា ពួកគេក៏ទទួលបានការយល់ដឹងកាន់តែច្រើនអំពីបញ្ហាទាក់ទងនឹង ភាពជាសហគ្រិន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវផងដែរ។ បន្ទាប់ពីវេទិកានេះ ពួកគេបន្តទទួលបានការគាំទ្រពីក្រុមការងារថ្នាក់ជាតិ និងខេត្តរបស់ OVOP ដើម្បីលក់ផលិតផល របស់ពួកគេទៅកាន់អ្នកទិញក្នុងស្រុក និងអន្តរជាតិ។ ម៉្យាងទៀត យើងទទួលបានដៃគូសហការថ្មី គឺ សហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំ ទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំនេះពួកយើងមានគម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុងបន្តទៀត៕