
លោក សុខ ថុល កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យនៅ រដ្ឋបាលថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) បានគូសបញ្ជាក់យ៉ាងច្បាស់ថាការលើកកម្ពស់សមភាព យេនឌ័រ បរិយាប័ន្ន និងសមធម៌ និងការពង្រឹងភាពអង់អាចដល់ស្រ្តី ដែលជាគោលបំណងដ៏សំខាន់មួយនៃកម្មវិធីជាតិ ដំណាក់កាលទី២ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហានេះ រួមគ្នាទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក បានបន្តថា ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ខាងលើ រដ្ឋបាលខេត្តសៀមរាប ដោយមានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ជាអ្នកគ្រប់គ្រងដឹកនាំផ្ទាល់នោះ តែងតែបានសហការ និងយកចិត្តទុកដាក់ខ្ពស់ធ្វើការលើកទឹកចិត្ត តែងតាំងស្រ្តីជាថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ប្រធាន អនុប្រធានការិយាល័យ ស្រ្តីជាមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ ចំនួនស្ត្រីជាថ្នាក់ដឹកនាំក្នុងខេត្តរួមមាន រដ្ឋបាលខេត្ត ក្រុង ស្រុក មានចំនួនសរុប ៩១២ រូប ស្រី ២៦២ រូប មន្ទីរ-អង្គភាពនានាជុំវិញខេត្ត មានចំនួនសរុប ៣៦៣រូប ស្រី ៧៣រូប និងជាថ្នាក់ដឹកនាំក្នុងវិស័យនយោបាយ មានចំនួនសរុប ៦៩៥រូប ស្រី ១៧៧រូប៕