
ជាការសំណូមពរ និងជាការលើកទឹកចិត្តបន្ថែមរបស់កញ្ញា សុំឱ្យម្ចាស់ក្រុមហ៊ុន ឬប្រធានស្ថាប័នទាំងរដ្ឋ និងឯកជនទាំងអស់ផ្តល់ការងារដល់ជនមានពិការភាពធ្វើឱ្យបានកាន់តែច្រើន និងបង្កភាពងាយស្រួលនៅក្នុងកន្លែងធ្វើការ។ ហើយម្ចាស់ក្រុមហ៊ុន ឬប្រធានស្ថាប័នទាំងអស់ត្រូវជ្រើសរើសជនមានពិការភាពណា ដែលមានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើការ កុំយកចូលធ្វើការតាមរយៈការអាណិតអាសូរ ប៉ុន្តែកុំឃើញថា ពិការភាពជារនាំង ឬមើលងាយពីសំបកក្រៅថា ជនពិការភាពមិនអាចធ្វើការឱ្យបាន។ ជាមួយគ្នានេះ កញ្ញាក៏បានជំរុញឱ្យជនមានពិការភាពទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់យើងឱ្យបានគ្រប់គ្រាន់ ពោលគឺជួយខ្លួនឯកសិនមុននិងឱ្យគេជួយ។
លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ដល់ជនមានពិការភាព ជាស្តែងនៅក្នុងស្ថាប័នរដ្ឋ គឺជនមានពិការភាពជាច្រើន មានឋានៈធំៗ ខណៈពីសម័យមុនឱ្យតែជនមានពិការភាពស្ទើទាំងអស់គឺមិនបានចូលធ្វើការងារ និងមិនបានរៀនសូត្រនោះទេ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះ គ្រប់ស្ថាប័នរដ្ឋទាំងអស់ត្រូវឱ្យជ្រើសរើជនមានពិការភាពចូលធ្វើការឱ្យបាន២%។ លោកបន្តថា ឥឡូវនេះយើងមើលឃើញថា កន្លែងធ្វើការខ្លះ ជនមានពិការភាពធ្វើការល្អជាង អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ទៅទៀត។ លោកអភិបាលរងបន្តថា លោកចង់ឱ្យរាល់ការងារពិការភាពឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីសម្រេចឱ្យបានគោលនយោបាយជាតិក្នុងយុទ្ធសាស្រ្តបញ្ចកោណ។
លោក ខេង វីរៈ នាយកអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន(PAfID) បានថ្លែងថា ដើម្បីជំរុញ និងគាំទ្រដល់ការងារប្រកបដោយបរិយាបន្នសម្រាប់អ្នកស្វែងរកការងារ ដែលមានពិការភាពអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន(PAfID) បានសហការជាមួយមជ្ឈមណ្ឌល ការ
ងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ និងដៃគូរអភិវឌ្ឍនានា បានរៀបចំវេទិកានេះឡើង ក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព និងជួបពិភាក្សា ផ្តល់អនុសាសន៍រវាងនិយោជក និងនិយោជិក ដែលមានពិការភាគ ផ្តល់ឱកាសដល់យុវជនមានពិការភាពចែករំលែកបទពិសោធន៍(អ្នកស្វែងរកការងារ និងអ្នកកំពុងធ្វើការ)ពង្រឹង និងជំរុញឱ្យកាន់តែមានប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យពិការភាព និងការងារប្រកបដោយបរិយាបន្ន ទទួលបានព័ត៌មានត្រឡប់ពីនិយោជកពាក់ព័ន្ធនឹងការងាររបស់ជនមានពិការភាព៕