
គួររំឭកថា ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ខ្មែរ ដែលមានតាំងពីបុរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ។ ជាមួយនោះ ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតកាន់កាប់តែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត និង អ្នកចូលរួមទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។
ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអត្ថន័យ៣យ៉ាង គឺ ៖ ទី១. ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានធ្វើមរណៈកាលទៅ ពិសេសដល់ពពួកប្រេតនរកទាំងឡាយ ទោះញាតិសន្ដានក្ដី ឬអ្នកដទៃក្ដី , ទី២. ធ្វើដើម្បីសន្សំកុសលផលបុណ្យ សុំសេចក្ដីសុខចម្រើន ដែលបានកើតពីផលទានខ្លួនឯង និង ទី៣. ធ្វើដើម្បីរួមចំណែកលើកស្ទួយសាសនា ជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បីបង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ផងដែរ។
សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុដែលបានយកទៅប្រគេនព្រះសង្ឃនាពេលនោះ រួមមាន បច្ច័យ ១ ៥០០ ០០០រៀល អង្គរ ២៥០គ.ក ត្រីខកំប៉ុង ១កេស មី ៥កេស ស្ករ ១០គ.ក ទឹកស៊ីអ៊ីវ និងទឹកត្រី ៨យូរ ទឹកបរិសុទ្ធ និងទឹកក្រូច ២០កេស រួមនិងទេយ្យវត្ថុមួយចំនួនទៀត៕