រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជណ្កើរត្រីស្លែង​ ដែលសាងសង់ឡើងក្រោមការស្រាវជ្រាវ​ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ​ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់

  • 145
  • ដោយ vannak

ជណ្កើរត្រីស្លែង​ ស្ថិតនៅទំនប់ស្លែង ភូមិស្លែង ស្រុកក្រឡាញ់ខេត្តសៀមរាបដែលត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវនិងផ្តល់ជំនួយរបស់ Australian Aid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)​ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអាជ្ញាធរខេត្តសៀមរាបត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការសាងសង់ជណ្តើរត្រី​ គឺក្នុងគោលបំណងជួយសម្រួលដល់ការបំលាស់ទីរបស់ត្រីពីវាលទំនាបនានាឬហ្វូងត្រីដែលចរាចរណ៍ចុះឡើងរវាងបឹងទន្លេសាប និងផ្នែកខាងលើនៃទឹកស្ទឹងក្នុងតំបន់នោះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជលផលក្នុងស្រុកធានាបាននូវផលត្រីសម្រាប់ប្រជាពលរដ្ឋ និង សុវត្ថិភាពស្បៀងនៅសហគមន៍ជនបទ។​ ហើយជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវាផងដែរ។ លោកបានបន្តថាជួសមុខឱ្យក្រុមការងារគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech) លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ពិន ប្រាកដ ក៍បានមានប្រសាសន៍ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមថែរក្សាធនធានត្រីហើយជាពិសេសត្រូវចូលរួមការពារទីតាំង “ជណ្តើរត្រីនៅទំនប់ស្លែង" ដែលជាផ្លូវសុវត្ថិភាពសម្រាប់ត្រីបំលាស់ទីប្រកបដោយប្រសិទ្ធភាព និងចាត់ទុកជាគំរូមួយ នៃការផ្តួចផ្តើមផែនការសាងសង់ជណ្តើរត្រីនៅទីតាំងផ្សេងៗទៀតនៅស្ទឹងនានាក្នុងខេត្តសៀមរាប ហើយ ប្រជាពលរដ្ឋត្រូវតែនេសាទត្រីឆ្ងាយពីទីតាំងជណ្តើរត្រីដើម្បីជៀសវាងផលប៉ះពាល់ដល់ការបំលាស់ទីរបស់ ត្រីឆ្លងកាត់តាមជណ្តើរត្រី។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់គោលដៅអាទិភាពសម្រាប់សាងសង់ជណ្តើរត្រីបង្ហាញនៅទំនប់ស្លែងនេះគឺដើម្បីជួយឱ្យស្ទឹងផ្លោងនេះ សម្បូរត្រី និងវារីសត្វផ្សេងៗ ដែលជា គុណប្រយោជន៍បម្រើរជូនតម្រូវការម្ហូមអារហាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថាការគិតគួរបញ្ចូលផែនការសាងសង់ជណ្តើរត្រីផែនការសង់ទំនប់គឺបានឆ្លើយតបទៅនឹង អនុសាសន៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យជលផលជាពិសេសនៅតំបន់បឹងទន្លេសាប។​ ឯកឧត្តមបន្តថាជណ្តើរត្រីមានសក្តានុពលក្នុងការធានានូវប្រសិទ្ធិភាពបំលាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិ ជួយបង្កើនផលិតភាពធនធានជលផល និងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា ហើយគុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការងារ គ្រប់គ្រង និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។ដូច្នេះហើយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំជំនួយបច្ចេកទេសអន្តរជាតិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិដើម្បីពង្រឹងសមត្ថភាព មន្ត្រីនៃរដ្ឋបាលជលផល និស្សិតជំនាញជលផល ជំនាញបរិស្ថាន និងជំនាញធារាសាស្ត្រ ព្រមទាំងក្រុមជំនាញការវិស្វកម្មសាងសង់នៃក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការវាយតម្លៃទំនប់បញ្ចូលផែនការ សាងសង់ និងការរចនាប្លង់ជណ្តើរត្រីតាមរយៈ គម្រោងបច្ចេកវិទ្យាសាងសង់ជណ្ដើរត្រីនៅតំបន់អាស៊ី អាគ្នេយ៏ (FishTech)។ ឯកឧត្តម ឃុន សាវឿន ក៍បានមានប្រសាសន៍ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជួយចូលរួមយ៉ាងសកម្មបន្ថែមទៀតដើម្បីលើកកម្ពស់ជួយថែរក្សាធនធានជលផលដែលបានមកពីធម្មជាតិ ដ៏សម្បូរបែបនៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងផ្លូវចរាចរណ៍ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន និងនៅតាមសហគមន៍ផងដែរ៕

អត្ថបទទាក់ទង