
នាឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ ឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឱ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ មិនឱ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ៕