
ការចូលជួបសម្តែងការគួរសមនេះ ក្នុងគោលបំណងប្រែក្លាយ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ ដើម្បីឆ្លើយតបទៅបរិបទបដិវត្តឧស្សាហកម្ម៤.០ ដែលជាតម្រូវការចាំបាច់សម្រាប់យុវជន ដោយត្រូវមានជំនាញ និងបំណិនប្រចាំជីវិតចំនួន០៣គឺ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ តាមរយៈ កម្មវិធី “ការស្ម័គ្រចិត្តដើម្បិសហគមន៍ខ្ញុំ” អនុវិស័យការអភិវឌ្ឍយុវជន ពិតជាបានចូលរួមឆ្លើយតបយ៉ាងស័ក្តិសិទ្ធិ ទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ៖ “ការផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណធម៌និងសមធម៌ និងយុទ្ធសាស្រ្តទី២៖ “ការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី ។
ជាមួយគ្នានេះដែរ កម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលជំនាញ និងបំណិនដល់យុវជន ក្នុងការរៀបចំ និងអនុវត្តគម្រោង ”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ធើ្វការប្រកួតប្រជែងដណ្តើមជ័យលាភីគម្រោងឆ្នើមប្រចាំខេត្ត របស់មន្ទីរអប់រំ យុវជន និងកីឡា។ ក្នុងឆ្នាំ២០២៣នេះ កម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ទទួលបានបេក្ខជនដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្តួចផ្តើមការងារស្ម័គ្រចិត្ត ចំនួន០៣ គម្រោងសម្រាប់ជ្រើសរើសចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និង០២ សម្រាប់ពង្រីកការងារស្ម័គ្រចិត្តទាក់ទងមេរៀនបំណិនជីវិតរបស់អង្គការយូនីសេហ្វ៕