
លោក Patrick W. Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកប ដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការ ជម្រុញឲ្យគម្រោងនេះ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឲ្យជាទីមោទន ។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិកមកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ប្រាសាទភ្នំបាខែងកសាងឡើងតាំងពីឆ្នាំ៩០៧នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំង ឡើងទៅទស្សនាទេស ភាពនាពេលថ្ងៃរៀបលិច ដែលជាទីកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់ថ្ងៃទៀតផង ៕