
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងការអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មីទាំង៣ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ហើយត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង សំណូមពរ ជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្ដម ប្រាក់ សំអឿន បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង រក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួម ក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត។ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បងដែលយើងត្រូវយកចិត្តទុកដាក់ ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏នៅតែប្រកាន់យកកិច្ចការថែរក្សាសន្តិភាព ស្ថេរភាព បូរណភាពទឹកដី ការការពាររបបរាជានិយម និងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាកិច្ចការអទិភាពផងដែរ។ ហេតុនេះ ត្រូវនាំគ្នាសហការយកចិត្តទុកដាក់តាមដាន និងក្តាប់ឲ្យនូវសភាពការសន្តិសុខ តាមបណ្តាមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពរបស់ក្រុមអគតិមួយចំនួនដែលប៉ុនប៉ងបង្កភាពអសន្តិសុខ បង្កភាពវឹកវរ ចលាចល ក្នុងសង្គមតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ទរិតនៅតាមបណ្តាញសង្គមនានា។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យខាងតែបាន ចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងការបង្ការ ទប់ស្កាត់បទល្មើសការជួញដូរមនុស្ស គ្រឿងញៀន និងបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលយុទ្ធនាការឃោសនា និង ពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់បេក្ខជនសមាជិកព្រឹទ្ធសភា និង ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខផងដែរ៕