
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៤រួមមាន៖
១). វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភស្តុភារកម្ម
២). វឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Masterplan on Intermodal Transport Connectivity and Logistics System in Cambodia 2023-2033_CITLS)
៣). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ
៤). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក។
ថ្លែងនៅក្នុងអង្គពិធីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។
ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕