
ឯកឧត្តម សាយ សំអាល បានថ្លែងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ។ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះ ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និង ការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។ សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។ ជាមួយនេះ សូមជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕