ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធចំនួន ៦០រូប។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១នេះ មានរបៀបវារៈចំនួន ៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងនូវអំពីហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចហើយ តែមិនទាន់បានសម្អាតឱ្យបានល្អដែលធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានរាយការណ៍បន្ថែមអំពីបញ្ហាជំងឺកូវីដ១៩ ដែលកើតមាននៅបច្ចុប្បន្ន ចំពោះកន្លែងសម្រាប់រៀបចំដាក់ដោយឡែកក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏បានត្រៀមអគាររួចរាល់ដែរ មួយវិញទៀត យើងក៏ត្រូវត្រៀមកម្លាំងដើម្បីចុះអប់រំផ្សព្វផ្សាយអំពីការឆ្លងជំងឺកូវីដដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ព្រមទាំងមេភូមិទាំងអស់ដើម្បីពួកគាត់មានមូលដ្ឋានសម្រាប់ណែនាំបន្ត។
ដើម្បីឱ្យកាន់តែច្បាស់ លោកប្រធានមន្ទីរសុខាភិបាលក៏បានរាយការណ៍សង្ខេបអំពីស្ថានភាពជំងឺកូវីដ១៩ ដែលកើតមានឡើងក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បងប្អូនដែលត្រឡប់មកពីក្រៅប្រទេសត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង។ ម្យ៉ាងទៀត ចំពោះការពិនិត្យរកជំងឺកូវីដនេះ មន្ត្រីជំនាញបានពិនិត្យល្អិតល្អន់ណាស់ដោយត្រូវយកសំណាកទៅពិនិត្យ ហើយសំណាកទាំងនោះមានកំហាក(ក្នុងច្រមុះនិងបំពង់ក) ឈាម និងលាមក។ មួយវិញទៀត ប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិបារាំងនោះ គឺអវិជ្ជមានទាំងអស់ ដោយឡែកចំពោះបងប្អូនដែលត្រឡប់មកពីក្រៅប្រទេសក៏មន្ត្រីជំនាញក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ ក្នុងករណីសង្ស័យនោះ មន្ត្រីជំនាញនឹងពិនិត្យបន្ថែមចំនួនពីរដងទើបអោយគាត់នៅធម្មតាវិញ។ ពាក់ព័ន្ធនឹងការព្យាបាលយើងមានបីក្រុមដោយមានពេទ្យជំនាញៗ ដោយប្រើប្រាស់បទពិសោធន៍មកពីប្រទេសចិន ហើយលទ្ធផលយើងទទួលបានគឺល្អ ដោយព្យាបាលជាសះស្បើយក្នុងខេត្តមានចំនួន ៧នាក់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្តក៏បានត្រៀមនូវអគារចំនួនបួនកន្លែងដើម្បីរៀបចំនៅពេលណាដែលមានជំងឺនេះកើនឡើងផងដែរ ហើយអគារទាំងនោះត្រូវបានបែងចែកទៅតាមសណ្ឋានរបស់អ្នកជំងឺ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រួងសុខាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអោយថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ជាពិសេសតំបន់ប្រជុំជនយើងត្រូវអប់រំណែនាំកុំអោយមានការជួបជុំគ្នា ជៀសវាងការចម្លងជំងឺ៕