កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យមើលស្ថានភាព និងការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ មកពីប្រទេសថៃ នៅច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកដូង ខេត្តបាត់ដំបង។
ក្រុមការងារបាននៅរង់ចាំទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ មកកន្លែងស្នាក់នៅដែលថ្នាក់ដឹកនាំខេត្ត បានរៀបចំទីតាំង នៅសាលាគរុកោសល្យ និងវិក្រឹត្រការខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ និងការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ ការអប់រំពួកគាត់ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងនាំគាត់ទៅយកសំណាក តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដោយមិនទាន់អនុញ្ញាតអោយទៅលំនៅឋាននៅឡើយ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា៕