រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»

  • 38
  • ដោយ vannak

នៅរសៀលថ្ងៃច័ន្ទទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយទទួលបានការចូលរួមគាំទ្រពី រដ្ឋបាលសាលាខេត្តសៀមរាប អង្គការមូលនិធិអេ២១ប្រចាំនៅកម្ពុជា អង្គការបេសកកម្ម និងយុត្តិធម៌អន្តរជាតិ (IJM) និងអង្គការមូលនិធិអន្តរជាតិហាការ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល» នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ព្រមទាំងមានការនិមន្តតំណាងសាសនាព្រះពុទ្ធទាំងពីរគណៈ លោកអ្នកដឹកនាំសាសនាឥស្លាម សាសនាគ្រឹស្ត (ពីរនិកាយ) ពុទ្ធសាសនាមហាយាន និងតំណាងមន្ទីរអង្គភាព ស្ថាប័ន គណៈអភិបាលក្រុង ស្រុក ចៅសង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបជាង១៦០អង្គ/រូប នៅសាលាខេត្តសៀមរាប។

នៅក្នុងការប្រារព្ធទិវាជាតិអន្តរសាសនានេះផងដែរ អង្គប្រជុំពិធីបានរៀបចំតាមរបៀបវារៈដូចជា : ១. បានធ្វើការបង្ហាញជូនអំពីសាវតានៃការប្រារព្ធទីវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងរបាយការណ៍សង្ខេបអំពីស្ថានភាពនៃការគ្រប់គ្រងសាសនានៅក្នុងខេត្តសៀមរាប។ ២. បានធ្វើការផ្សព្វផ្សាយអំពីបទយកការណ៍ស្តីពី អ្នកកាន់សាសនាផ្សេងៗអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។៣. បានធ្វើបទបង្ហាញអំពីយន្តការ រចនាសម្ព័ន្ធ និងរូបភាពនៃអំពីជួញដូរមនុស្សទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ។ ៤. ការឡើងសម្តែង និងមានមតិចូលរួមផ្តល់ឱវាទពីតំណាងសាសនាព្រះពុទ្ធ (គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ, តំណាងសាសនាឥស្លាម (គណៈអ៊ីមាំ), តំណាងសាសនាគ្រីស្ត (សហគមន៍កាតូលិកសន្តយ៉ូហាន, និកាយប្រូតេស្តង់) និងតំណាងពុទ្ធសាសនាមហាយាន។ ៥. ការចែករំលែកបទពិសោធន៍អំពីការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅប្រទេសម៉ាឡេស៊ី (ការធ្វើចំណាកស្រុកតាមរយៈមេខ្យល់) ដោយអតិថិជនរបស់អង្គការ IJM។

បន្ទាប់ពីស្តាប់បទបង្ហាញរួច លោកស្រី ម៉ននី រង្សី បានស្នើឱ្យមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធពង្រឹងទៅលើការគ្រប់គ្រង និងផ្សព្វផ្សាយឱ្យកាន់តែទូលាយបន្ថែមទៀតអំពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ បានអំពាវនាវដល់សាសនាទាំងអស់ក្នុងខេត្តឱ្យដាក់បញ្ចូលខ្លឹមសារអប់រំពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរមនុស្សទៅក្នុងកម្មវិធីអប់រំរបស់សាសនានីមួយៗ និងបានជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ទូទាំងខេត្ត ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំនិងសណ្តាប់ធ្នាប់ល្អ។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា តំណាងសាសនានីមួយៗដែលបានធ្វើការសម្តែង និងមានមតិចូលរួម បានធ្វើលើកឡើងអំពីការព្រួយបារម្មណ៍លើបញ្ហានៃការរំលោភបំពានផ្លូវភេទលើកុមារ ពិសេសតាមប្រព័ន្ធអនឡាញ និងបេ្តជ្ញាចូលរួមអប់ទំផ្សព្វផ្សាយ ទប់ស្កាត់ ផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមទម្រង់នៃសាសនានីមួយៗផងដែរ។

អត្ថបទទាក់ទង