រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្

នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដែលមានកុមារកំព្រាចំនួន៣៧នាក់ នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះដែលមានខ្លឹមសារដូចខាងក្រោម ៖

- “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖ ១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ ៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។

- “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ៣៧ អាវយឺត៤៥ ក្រមា៤៥ អង្ករ១៥០គីឡូក្រាម មី១២កេស ត្រីខ៦យួរ ទឹកស៊ីអ៊ីវ៦យួរ និងថវិកាមួយចំនួនផងដែរ។

នាឱកាសនេះដែរ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានរៀបចំសម្រាប់ប្អូនៗនូវ នំភីហ្សា និងការ៉ែម សម្រាប់ប្អូនៗ ញ៉ាំដោយសាមគ្គី និងរីករាយផងដែរ៕

អត្ថបទទាក់ទង