រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤

  • 22
  • ដោយ vannak

ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីផ្សព្វផ្សាយ «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤» និងការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤ ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក ទាំង១៣ តំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប មន្ត្រីទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ តំណាងគ្រឹះស្ថានសិក្សា អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ សរុបចំនួនន ១០០នាក់ ។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ៖១/ដើម្បីចូលរួមអបអរសាទរការប្រារឰ «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា» ឆ្នាំ២០២៤ ស្របតាមយោងអនុក្រឹត្យលេខ ១៧៥ អនក្រ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែតុលា រៀងរាល់ឆ្នាំ ជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈដល់ប្រជាជនពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ “ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន”។២/ដើម្បីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងសង្កាត់ទាំង១២នៃក្រុងសៀមរាប ដែលបានរៀបចំស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០០៧ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បានណែនាំអំពីគោលការណ៍កសាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្រោះបន្ទាន់គ្រោះមហន្តរាយ ដូចដែលមានចែងនៅក្នុងមាត្រា១៧ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត(គ.គ.ម.ខ.) ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយនៅពេលដែលគ្រោះមហន្តរាយប៉ះពាល់ដល់ក្រុង ស្រុក ខណ្ឌ គឺដើម្បីប្រើប្រាស់សម្រាប់ជាជំនួយដល់ដំណើរការក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ផែនការនេះក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតនូវផែនការឆ្លើយតបគ្រោះអាសន្ននៅពេលដែលគ្រោះមហន្តរាយទឹកជំនន់មួយបានកើតឡើង។៣/ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល៩ខែ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប។

ជាមួយគ្នានេះ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ក៏បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក ទាំង១៣ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ មន្ទីរ-អង្គភាពជំនាញ ដូចខាងក្រោម៖ ១/ត្រូវអនុវត្តសម្របតាមខ្លឹមសារដែលបានដាក់ចេញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ២/ត្រូវរៀបចំផែនការគ្រប់គ្រងប្រព័នធារាសាស្ត្រដើម្បីបញ្ចៀសទឹកជំនន់ ទាញយកផលប្រយោជន៍សម្រាប់វិស័យកសិកម្ម និងប្រយោជន៍សាធារណៈ។ ៣/ត្រូវយកចិត្តទុកដាក់ចំពោះករណីគ្រោះថ្នាក់លង់ទឹក ដោយណែនាំកុមារកុំឱ្យលេងទឹកដើម្បីបញ្ចៀសគ្រោះថ្នាក់លង់ទឹក។ ៤/ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពបម្រែបម្រួលអាកាសធាតុតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីត្រៀមបម្រុង ឆ្លើយតបឱ្យបានទាន់ពេលវេលា ៕

អត្ថបទទាក់ទង