រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”

  • 27
  • ដោយ vannak

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ញើញចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី អនុប្រធាន គ.អ.ទ.ស., ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ គ.អ.ទ.ស., និងតំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះដែរ បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖ ១). អង្គប្រជុំឯកភាពលើសេចក្តីព្រាង សេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” សេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” សំដៅដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ដើម្បីកែលម្អ និងដោះស្រាយរាល់បញ្ហាប្រឈមនៅតាមខ្សែច្រវាក់តម្លៃ នៃការធ្វើដំណើរទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលក្នុងវិធានការគន្លឹះនេះបានស្នើឡើងជា ២ចង្កោម គឺ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរក្នុងស្រុកមកទស្សនា ខេត្តសៀមរាម

២).អង្គប្រជុំឯកភាពលើសេចក្តីព្រាង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”សេចក្តីព្រាង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” មានចក្ខុវិស័យ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យបានល្អប្រសើរ ក្នុងនោះ (១)-ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុក ឱ្យទៅលំហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តសៀមរាប, (២)-បង្កើនការរីកលូតលាស់អាជីវកម្មទេសចរណ៍ និងអាជីវកម្មក្នុងវិស័យគាំទ្រ នៅខេត្តសៀមរាប និង (៣)-ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញទទួលបានផលពីការរីកចម្រើននៃវិស័យទេសចរណ៍ឡើងវិញ។សេចក្តីព្រាង“ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” ត្រូវបានរៀបចំឡើងដើម្បីកំណត់នូវសកម្មភាពដែលផ្តល់ផលភ្លាមៗ សម្រាប់រយៈពេលខ្លី និងរយៈពេលមធ្យម តាមរយៈការធ្វើអាទិភាវូបនីយកម្មសកម្មភាពរបស់គ្រប់តួអង្គលើការគ្រប់គ្រង ការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ដោយបន្ស៊ីពីខ្លឹមសារនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” និងស្របតាមការវិវត្តជាក់ស្តែងនៃបរិបទទីផ្សារទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបាន “គ្រប់រដូវកាល មកច្រើនដង ស្នាក់នៅយូរ និងចំណាយច្រើនជាងមុន”។

៣).អង្គប្រជុំគាំទ្រលើ “គម្រោងអាទិភាពចំនួន៧ ” ដែលគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍សៀមរាបក្នុងរយៈពេល ០៤ឆ្នាំខាងមុខនេះរួមមាន៖ • គម្រោងទី១៖ អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្រុងសៀមរាប (ផ្សារចាស់ និងវត្តរាជបូណ៌) • គម្រោងទី២៖កែលម្អបទពិសោធន៍ទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់អង្គរ • គម្រោងទី៣៖លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ចុងឃ្នៀស • គម្រោងទី៤៖លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក • គម្រោងទី៥៖អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃនៅក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប • គម្រោងទី៦៖អភិវឌ្ឍន៍ទេសចរណ៍តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម- “ភ្នំគូលែន” • គម្រោងទី៧៖ បង្កើតភាពទាក់ទាញទេសចរណ៍ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ការរៀបចំគម្រោងអាទិភាពទាំង៧នេះ ពិតជាបានឆ្លុះបញ្ចាំងលើអភិក្រមចំនួន៤ គឺ៖ ទី១).ភាពចាំបាច់, ទី២).ត្រូវតែធ្វើ, ទី៣). ភាពអាចធ្វើទៅបាន និងទី៤).ភាពសមហេតុផល ។

អត្ថបទទាក់ទង