រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និង រន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិនទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

ក្នុងឱកាសសាលខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និង រន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ នៅបរិវេណសាលាឃុំវ៉ារិន លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា ការនយោបាយណាមួយឡើយ ។

នៅក្នុងបេសកកម្មមនុស្សធម៌ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និងពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា ។

លោកជំទាវក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះលោកជំទាវក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកផ្លូវដង្ហើម កូវិដ១៩ ដោយមេត្តាកុំឲ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជម្ងឺកូវីដ១៩” ផងដែរ ។

អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម គ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូល ទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹក និង គ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀលផងដែរ៕

អត្ថបទទាក់ទង