នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៤ នៅវត្តស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបបានដំណេីរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកាចូលរួម អង្គវេទិកា ប្រមាណជា៣០០នាក់
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ ប្រជាពលរដ្ឋបានលេីកឡេីងនូវបញ្ហាវិវាទដីធ្លី ផ្លូវ ថ្នល់ ការពង្រីកអេកូទេសចរណ៍ចង្រ្កានរយ ការសុំបញ្ចូលជាភូមិក្របខណ្ឌ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅស្រុកវ៉ារិន។ ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបំភ្លឺ នូវសំណួរ សំណូមពរនិងក្តីកង្វល់ដែលប្រជាពលរដ្ឋលើកជាក់ស្ដែង។ ដោយឡែក ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន ១០ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម តោ គឹមស៊ាន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ ឯកឧត្តម បានបន្តថា រាល់បញ្ហាដែលប្រជាពលរដ្ឋ បានផ្តល់មតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ទាំងនេះ ជាយន្តការកែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ពិសេសការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
លោក សុខ ថុល បានធ្វេីការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូន។ លោក អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈម ចាំបាច់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ព្រមទាំងជម្រុញដល់ការពង្រីកអេកូទេសចរណ៍ចង្ក្រានរយឲ្យមានការឬីកចម្រើន ឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កា ជូនបងប្អូនប្រជាពលរដ្ឋស្រុកវ៉ារិន៕