ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ភៅ អឿន ទៀបាញ់ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ស្ម័គ្របំផុតចំពោះ សម្តេចពិជ័យសេនា ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី ចូលរួមកសាងមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនោះ សម្តេចក៏ជាស្ថាបនិក ដ៏ឆ្នើមមួយរូប ដែលបានដឹកនាំកសាងសន្តិភាពជាតិ ស្ថិរភាពជាតិ ឯកភាពជាតិ ពីកម្ទេចផេះផង់នៃភ្លើង សង្គ្រាម និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនោះសម្តេច ក៏ជាស្នូលដឹកនាំ ជា សសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ នឹងបានដឹកនាំកសាងប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញ មានស្វាមីភក្តិ ចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយម ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ការពារ លទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ។
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ជូនពរ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ និងសូមប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។