រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ក្រុង​ ស្រុក​ នៃខេត្តសៀមរាប

  • 1
  • ដោយ vannak

នៅសាលសន្និសីទសុខាសៀមរាប នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ តោ​ គឹមសាន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានបានអញ្ជើញក្នុងពិធីប្រកាសសមាសភាព ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង​ ស្រុក​ នៃខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពួនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់ប្រធានក្រុមការងារគ្រប់ក្រុង ស្រុករួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត ជាមូលដ្ឋានគ្រឹះ ក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេស ឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។ កត្តាសំខាន់របស់រាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់ខ្ពស់លើវិស័យសុខាភិបាល អំពីសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការធារាសាស្ត្រ ព្រមទាំងទឹកស្អាត និង ការបណ្តុះបណ្តាលធនធានមនុស្សទៀតផង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជម្រុញដល់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្ត សៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថាភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតី ផ្តល់នូវគំនិតកែច្នៃ ហើយក្រុមការងារក៏មិនសម្រេចរាល់កិច្ចការជំនួសអង្គភាពជំនាញនោះដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និង បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង