នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសប្រព័ន្ធលូបង្ហូរទឹក ចុះពិនិត្យទីតាំងសាងសង់ប្រព័ន្ធលូនៅភូមិវិហារចិន(ផ្សារក្រោម) ភូមិថ្មី សង្កាត់ស្វាយដង្គំ និងភូមិត្រៀក សង្កាត់សៀមរាប ដើម្បីសិក្សាពីគម្រោងសាងសង់ប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុង និងតាមបណ្ដារភូមិខាងលេី ដេីម្បីបញ្ជ្រៀសការលិចលង់ និងឲ្យទឹកស្រកបានលឿនបំផុត។ សូមបញ្ជាក់ថា ក្រោយពីមានភ្លៀងមួយមេធំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ រួចមក បានធ្វេីឲ្យមានការលិចលង់ផ្លូវ និងលំនៅដ្ឋានខ្លះៗ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ដូចនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លេីការងារកសាង ជួសជុលហេដ្ឋារចនាសម្ព័ន្ធសាងសង់ប្រព័ន្ធលូបង្ហូរទឹក និងសោភ័ណភាពក្រុង។ ឯកឧត្តម បានចាត់មន្ត្រីតាមមន្ទីរជំនាញឲ្យចុះបូមលូ ស្តារប្រឡាយនៅក្នុងក្រុង បើកមុខទឹក យកកាកសំណល់ចេញពីក្នុងលូ ប្រឡាយដើម្បីរំដោះទឹក និងបន្ថែមល្បឿនទឹកហូរឱ្យទាន់ពេល ជៀសវាងមានការលិចផ្លូវ និងភូមិដ្ឋាន ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងខូចផ្លូវជាដើម៕
