ព្រឹកថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធ ដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង នៅសាលប្រជុំសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុកចុះស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោក នឹម សុវណ្ណ អភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទបាគង ទីចាត់ការអន្តរវិស័យ នាយកលោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះស្រុកទាំង១៣ នាយសង្កាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី មេឃុំ និងមន្រ្ដីពាក់ព័ន្ធ។កិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគងក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ១. មតិបើកអង្គប្រជុំរបស់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប២. អានរបាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុកប្រាសាទបាគង ដោយ លោក នឹម សុវណ្ណ អភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទបាគង៣. មតិចូលរួមពីសមាជិក សមាជិកា នៃអង្គប្រជុំ៤. មតិបូកសរុប និងបិទអង្គប្រជុំដោយ ឯកឧត្ដម ប្រធានអង្គប្រជុំ។ដោយយោងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កន្លងមក ហើយកិច្ចប្រជុំក្នុងថ្ងៃនេះ ផ្ដោតសំខាន់ទៅលើពីរចំណុចគឺ៖១. អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តតាមដាន និងហាមឃាត់ដាច់ខាតកុំឲ្យមានការចូលកាប់ទន្រ្ទានដីព្រៃគ្រប់ប្រភេទរបស់រដ្ឋបន្តទៀត។២. អាជ្ញាធរភូមិ ឃុំ ត្រូវស្រង់ទិន្នន័យអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ។
