រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រួមគ្នាលើកស្ទួយពីសុខភាពកុមារកម្ពុជា ក្នុងកម្មវិធី ( រត់ដើមី្បសប្បុរសធម៌ជាមួយសាយ ) ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩

រួមគ្នាលើកស្ទួយពីសុខភាពកុមារកម្ពុជា ទឹកប្រាក់ចំនួន ៤០ម៉ឺន៥ពាន់៥៧៩ដុល្លាសហរដ្ឋអាមេរិក ដែលផ្តើមចេញពីការចូលរួមក្នុងកម្មវិធី ( រត់ដើមី្បសប្បុរសធម៌ជាមួយសាយ ) ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និង អង្កការ-ស្ថាប័ននានា ដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ដែលរៀបចំឡើងដោយ លោក អូន បឋម ដែលបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ជុំវិញព្រះរាជណាចក្រកម្ពុជា ដោយឆ្លងកាត់រាជធានី ខេត្តជាច្រើន ហើយបានមកដល់ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានទទួលស្វាគមន៍របស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ដើម្បីចូលរួមលើកទឹកចិត្តចំពោះលោក"សាយ" និងសហការី ដើម្បីសុខភាព ក៏ដូចជាការចូលរួមជាមួយកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើមី្បប្រមូលថវិកា ក្នុងការទ្រទ្រង់នូវសកម្មភាពនៃការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ ។ ក្នុងសកម្មភាពនៃការ«រត់ដើម្បីសប្បុរសធម៌ជាមួយសាយ»នេះ មកដល់ទឹកដីខេត្តសៀមរាប នៅល្ងាចថ្ងៃទី២១ វិច្ឆិកាដល់ស្រុកក្រឡាញ់ ហើយនៅល្ងាចថ្ងៃទី ២២វិច្ឆិកា បានមកដល់ស្រុកពួក និង នៅព្រឹកថ្ងៃទី២៣ បានបន្តមកដល់ ក្រុងសៀមរាប ដោយមានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានទទួលស្វាគមន៍នៅតាមដងផ្លូវ រហូតមកដល់ព្រះរាជដំណាក់សៀមរាប បានចូលធ្វើការបូជាផ្កាភ្ញី ទៀន ធូក ថ្វាយព្រះអង្គចេកព្រះអង្គចម ដើមី្បបួងសួងសុំនូវសេចក្តីសុខជូន ដល់ប្រជាពលរដ្ឋកម្ពុជា សំខាន់កុមារកម្ពុជា ដែលជាធនធានមនុស្សក្នុងការបន្តវេន ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ឲ្យបាន ឆ្លងរួចផុតពីជម្ងឺទាំងពួង សំខាន់ជម្ងឺកូវិដ១៩ ។ លោក អ៊ួន បឋម ហៅសាយ ដែលជាអ្នកផ្តួចផ្តើមយុទ្ធនាការនេះ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២០ ខណៈដែលលោករត់មកដល់ខេត្តសៀមរាប លោកបានឲ្យដឹងថា ក្នុងយុទ្ធនាការនេះលោកនឹងរត់ក្នុងរយៈពេល ៩៩ថ្ងៃ ចេញពីរាជធានីភ្នំពេញ ទៅ ២១ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃកំណើតផ្ទាល់របស់លោក ដោយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ។ លោកសាយ បន្តថា រាល់មូលនិធិទាំងអស់ដែលទទួលបានពីសប្បុរសជនដែលគាំទ្រសកម្មភាពនេះ នឹងត្រូវឧបត្ថម្ភដោយផ្ទាល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ហើយយុទ្ធនាការនេះ គ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយរំពឹងថា នឹងរកថវិកាបានមួយលានដុល្លារជូនមន្ទីរពេទ្យកុមារអង្គរមួយនេះ។ រយៈពេល ៤៩ថ្ងៃ នៃយុទ្ធនាការ ”រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” គិតចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះមានរយៈពេល៤៩ថ្ងៃ នៃយុទ្ធនាការ "រត់ដើម្បីមនុស្សធម៌ជាមួយសាយ ឬ Run with Sai” ដើម្បីរកមូលនិធិពីសប្បុរសជន សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដែលបច្ចុប្បន្ននេះពេទ្យសប្បុរសមួយនេះកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារវិបត្តិជម្ងឺកូវីដ១៩ ។ តាមគម្រោងដែលរៀបចំឡើងដោយតារាចម្រៀងសាយ យុទ្ធនាការនេះ នឹង ប្រើពេល៩៩ថ្ងៃ ដើម្បីរត់នៅលើចម្ងាយផ្លូវជិត៣ពាន់គីឡូម៉ែត្រ បានឆ្លងកាត់២១ រាជធានី-ខេត្ត ។ មានប្រសាសន៍នោះដែរលោក ពៅ ពិសិដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណចំពោះការលះបង់របស់លោក អូន បឋម ដែលបានបង្កើតកម្មវិធីនេះឡើង ដើមី្បជាការក្រើនរំលឹកសតិស្មារតី របស់ជនរួមជាតិខ្មែរយើង ឲ្យមានស្មារតីចេះជួយគ្នា រួមសាមគ្គីគ្នា ក្នុងការទ្រទ្រង់ដល់ធនធានមនុស្ស សំខាន់ចំពោះសុខភាពកុមារ ដែលជាទំពាំងស្មងប្ញសី្សនៃអនាគតប្រទេសជាតិ។ លោកបានបន្ដថា សកម្មភាពរបស់លោកនឹងអាចក្លាយជាគំរូសម្រាប់យុវជនកម្ពុជាដទៃទៀត ក្នុងការរួមចំណែកតបស្នងចំពោះប្រទេសជាតិ ទៅតាមលទ្ធភាពរៀងៗខ្លួន។ ព្រោះប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមជាតិ គួរចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថាតូចឬធំ រក្សាឲ្យបាននូវការរួបរួមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដែលកុមារនៅកម្ពុជាអាចទទួលបាន ឱកាសដូចៗគ្នា ក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ លោកបានបញ្ជាក់ថា ការផ្ដល់មូលនិធិដល់មន្ទីរពេទ្យកុមារអង្គរ ទោះតិចក្ដីឬច្រើនក្ដី គឺពិតជាទង្វើសប្បុរសធម៌ បង្កប់ទៅដោយអត្ថន័យនិងក្ដីមេត្តាដ៏សម្បើមសម្រាប់ជីវិតកុមារនៅកម្ពុជាយើង៕

អត្ថបទទាក់ទង