ព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ១ នៃរដ្ឋបាលសាលាខេត្តសៀមរាប មានកិច្ចប្រជុំពិភាក្សាលើការងារផ្តល់សេវាកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្មធនធានរ៉ែសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ពិន ប្រាកដ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរដែនដី មន្ទីរសាធារណការនឹងដឹកជញ្ជូន ព្រមទាំងអាជ្ញធរ ក្រុង ស្រុក ទាំង១២ ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១-ត្រូវឲ្យមានការកំណត់តំបន់ ឬទីតាំងហាមឃាត់ ការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ ដែលបានត្រូវកំណត់ដោយមន្ទីរបរិស្ថាន ឬមន្ទីររ៉ែ និងថាមពល ដែលមិនទាន់មានឯកសារជាលាយលក្ខណ៍អក្សរ និងផែនទីជាក់លាក់។
២-មន្ទីរ អង្គភាពពាក់ព័ន្ធ គួរសហការក្នុងការចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់ម្ចាស់អាជីវកម្មឲ្យស្របតាមគោលការណ៍បច្ចេកទេសដែលបានកំណត់
៣-គួរមានការកំណត់ចំនុចនិយាមការទីតាំងស្នើសុំរបស់គម្រោងអាជីវកម្មរួម ដើម្បីផ្ទៀងផ្ទាត់លើប្រតិបត្តិការអាជីវកម្មរបស់ម្ចាស់គម្រោង។
៤-មន្ទីរ អង្គភាពពាក់ព័ន្ធ គួរតែកំណត់តំបន់ដែលមិនអនុញ្ញាតឲ្យមានអាជីវកម្មជីកអាចម៍ដី ជារណ្តៅចល័ត ឲ្យបានច្បលាស់ និងមានការឯកភាពពីរដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋានក្នុងការផ្តល់ព័ត៌មានទៅអាជីវករនៅអង្គភាពច្រកចេញចូលតែមួយ។
៥-អង្គភាពច្រកចេញចូលតែមួយ គួរតែមានការណែនាំឲ្យម្ចាស់អាជីវកម្មឲ្យរៀបចំកិច្ចសន្យាការពារបរិស្ថានដែលមានការឯកភាព ដោយមន្ទីរបរិស្ថានខេត្តដើម្បីជាមូលដ្ឋានសម្រេចក្នុងការផ្តល់អាជាបណ្ណផងដែរ៕