រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នៅខេត្តសៀមរាប

កាលពីព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមានការចូលរួមពីឯកឧត្តម ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អភិបាលរងក្រុងសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូប។

ឯកឧត្តមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតី កីឡាដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងត្រូវមានការយោគយល់គ្នា គោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

ឯកឧត្តមប្រធានក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឯកឧត្តមប្រធានបានបញ្ជាក់ថា នៅសល់ការប្រកួតជើងឯកថ្នាក់ជាតិត្រឹមតែ២ដងទៀត និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម មួយទៀត នឹងដល់ពេលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមហើយ ហើយស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរគឺ៖ ទី១ ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី និងទី២ ការឈ្នះមេដាយគឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ៕

អត្ថបទទាក់ទង