រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកឧត្ដម អភិបាលខេត្តបានអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាចុះពិនិត្យការសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវនៅខេត្តសៀមរាប។

ចេញពីទស្សនកិច្ចនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍លើគេហទំព័រហ្វេសប៊ុកថា "ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះមិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩។"

បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

អត្ថបទទាក់ទង