
លោក សុខ សីហា ប្រធានមន្ទីរប្រៃណីយនិងទូរគមនាគមន៍ខេត្តថ្លែងថា រដ្ឋបាលខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្សព្វផ្សាយដល់គ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងអស់ក្នុងខេត្តឱ្យប្រើប្រាស់ប្រពន្ធ័ QR Code Stop Covid-19 បន្ថែមលើវិធានការនានាដែលមានស្រាប់ ដើម្បីចូលរួមជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងនឹង Covid-19 ទប់ស្កាត់និងគ្រប់គ្រងទិន្នន័យអ្នកឆ្លង Covid-19 ដោយបានចុះផ្សព្វផ្សាយការបង្កើតនិងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា QR Code Stop Covit19 ដល់បណ្តាមន្ទីរអង្គភាព-គ្រឹះស្ថានសាធារណៈ -សាលារៀន ភោជនីយដ្ឋាន -ផ្សារទំនើប -ហាងអាជីវកម្មផ្សេងក្នុងក្រុងសៀមរាប រហូតមកទល់ពេលនេះទីកន្លែងដែលកំពុងប្រើប្រាស់QR codeមាន សាលាខេត្ត មជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ក្រុងស្រុកទាំង១២ .អធិការនគរបាលស្រុក -ឃុំ,សង្កាត់ -គ្រឹះស្ថាន- ផ្សារ-ទីតាំងសាធារណៈជាច្រើនទៀត។
លោកបានបន្ដថាក្រុមការងារក៏បានណែនាំឱ្យបណ្តាអង្គភាព មន្ទីរ គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ផ្សារនានា ឬអ្នកគ្រប់គ្រងនៅតំបន់ដែលមានឃ្យូអរកូដ ឱ្យជួយផ្សព្វផ្សាយបន្តទៅមន្ត្រីឬបុគ្គលិក អតិថិជនរបស់ខ្លួន ឱ្យស្គែន”QR-Code “នៅពេលពួកគាត់ចូលក្នុងទីកន្លែង ផ្សារ និងនៅតាមទីសាធារណៈដែលបានបិទ”QR-Code “នេះ ដើម្បីងាយស្រួលតាមដាន គ្រប់គ្រងនិងប្រមូលទិន្នន័យសម្រាប់ឆ្លយតបទៅនឹងការឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ជាយថាហេតុ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់នៅក្នុងខេត្ដសៀមរាប ត្រូវចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈស្គែនឃ្យូអរកូដនេះ នៅតាមកន្លែងដែលពួកគាត់បានបំពេញការងារ ឬនៅកន្លែងណាដែលពួកគាត់ចូលទៅដល់តំបន់ណាមួយ។ករណីអ្នកមិនមានទូរស័ព្ទ ឬមិនចេះប្រើកម្មវិធី សូមអ្នកគ្រប់គ្រងទីកន្លែងកត់ឈ្មោះនិងកត់លេខទូរស័ព្ទគាត់ទុកងាយស្រួលក្នុងការប្រមូលទិន្នន័យ ហើយរាល់ការប្រើប្រព័ន្ឋនេះ មិនមែនជាការតាមដានលើឯកជនភាពបុគ្គលឡើយ គឺសម្រាប់តាមដានតែស្ថានភាពជំងឺកូវីដ-១៩តែប៉ុណ្ណោះ៕