រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ .ស.២០២១ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

  • 828
  • ដោយ vannak

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥គ.ស.២០២១ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រ ៣កើត ដល់៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមថ្លែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងគារវភក្តី ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ ជួយដល់វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឋានៈជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងព្រះប្រធានកិត្តិយសក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី សម្តេចព្រះមហាក្សត្រី បាន ជួយលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសទិវាដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្ស ត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោះព្រំ ប្រោសប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី ស៊ឹមង្គល វិបុលសុខ មហាប្រសើរថ្វាយ ចំពោះ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណ ភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង