
កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តឡើងដោយមានការសហការពី កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា (ACCESS) ដែលជាកម្មវិធីមួយក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និរន្តភាពនៃសេវាសង្គមប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិកាភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សា ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាទាក់ទងនឹងបញ្ហាប្រឈមក្នុងការលើកផែនការ និងការគ្រោងគម្រោងថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង សម្រាប់អនុវត្តសកម្មភាពដែលពាក់ព័ន្ធអំពើហិង្សា និងពិការភាព សម្រាប់ឆ្នាំ២០២០-២០២១ ។ ជាងនេះទៅទៀត កិច្ចប្រជុំនេះបានចូលរួួមចំណែកគាំទ្រដល់ការអនុវត្ត ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព២០១៩-២០២៣ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធ្វើយ៉ាងណាលុបបំបាត់រាល់អំពើហិង្សាទាំងឡាយដែលកើតឡើងចំពោះស្រ្តី ជួយដោះស្រាយបញ្ហាគ្រប់ទម្រង់លើស្រ្តី និងជនពិការ និងធ្វើឲ្យទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព ព្រមទាំងអាចមានលទ្ធភាពគ្រប់គ្រាន់់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ខាងមុខ៕